អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
រទេះគោគឺជាមធ្យោបាយដឹកជញ្ជូនម្យ៉ាង របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ តាំងពីបុរាណកាលមក។ មកដល់សព្វថ្ងៃនេះ រទេះគោមិនសូវពេញនិយមប្រើប្រាស់ដូចពេលមុន ដោយសារតែមានមធ្យោបាយដឹកជញ្ជូនទំនើបៗមកប្រើប្រាស់ជំនួស ប៉ុន្តែរទេះគោ នៅតែត្រូវបានអភិរក្ស និងថែរក្សា ដោយប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ ឬយកមកដាក់តាំងបង្ហាញនៅទីកន្លែងផ្សេងៗ ដើម្បីផ្សព្វផ្សាយដល់កូនខ្មែរជំនាន់ក្រោយឱ្យបានស្គាល់។ជាក់ស្តែងនៅសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងប្រើប្រាស់រទេះគោ ជាកញ្ចប់សេវាកម្មសម្រាប់ទេសចរបានស្គាល់ និងជិះកម្សាន្តជាប្រចាំ រហូតមានការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិជាបន្តបន្ទាប់។
មានចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប តែប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជ្រាវភាគច្រើនពឹងផ្អែកជាចម្បងទៅលើវិស័យកសិកម្ម និងទេសចរណ៍ ដោយតំបន់នោះ មានសក្តានុពលទេសចរណ៍ខ្ពស់ព្រោះថាមានបឹងធម្មជាតិមួយ គឺបឹងពារាំង ដែលមានផ្ទៃដីអភិរក្សលាតសន្ធឹងប្រមាណ៣០០០ហិកតា និងផ្ទៃទឹកប្រមាណ២៥០ហិកតា នារដូវប្រាំង គឺជាតំបន់អភិរក្ស ទីជម្រកមច្ឆាជាតិ និងជីវៈចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ប្រភេទអាស្រ័យនៅ និងស្វែងរកចំណីអាហារជាដើម។លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសមាគម សហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ ក្រៅពីទស្សនាជីវៈចម្រុះ សត្វស្លាបទឹកជិត២០០ប្រភេទហើយនោះ នៅផ្នែកខាងលើនៃសហគមន៍ ប្រជាសហគមន៍ជ្រាវ បានរៀបចំកញ្ចប់សេវាកម្មជាច្រើន ក្នុងនោះក៏មានរទេះគោ សម្រាប់នំាទេសចរជិះទស្សនាជីវភាពរស់នៅរបស់សហគមន៍ទាំងមូល។ លោកថា៖ ចាប់តាំងពីឆ្នាំ២០១១មកសហគមន៍ បានបង្កើតឱ្យមាន រទេះគោ ដើម្បីផ្តល់សេវាកម្មទេសចរណ៍ ដោយអាចឱ្យភ្ញៀវទស្សនាសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ និងអាចសាកល្បងការងារកសិកម្មតាមបែបបុរាណមាន របៀបភ្ជូររាស់ដីស្រែ ការប្រមូលផលស្រូវ ដាំដុះដំណាំបន្លែ។ ជាពិសេសទាំងនេះ បានអភិរក្សមធ្យោបាយដឹកជញ្ជូនពីបុរាណមួយនេះ កុំឱ្យបាត់បង់ រហូតទេសចរជាតិ និងអន្តរជាតិទទួលស្គាល់ និងគាំទ្រជាហូរហែ។
សំឡេងទី១« ដើមឆ្នាំ២០២៥នេះ យើងបានទទួលភ្ញៀវចូលជាង៥០០នាក់ដែរមកជិះរទេះគោ ជិះរទេះគោមើលភូមិ ការងារច្រូតស្រូវ ហើយខ្ញុំរៀបចំជាលក្ខណៈកសិទេសចរណ៍ ឱ្យគាត់បានរៀនច្រូត ឱ្យគាត់រៀនស្ទូង ឱ្យគាត់ភ្ជួរគោរនាស់ នង្គ័លរបៀបបុរាណ រួចហើយគាត់ច្រូត យកមកបែន បោក រួចយកទៅកិនលក្ខណៈត្បាល់បុរាណ ចេញជាអង្ករសំរូប។ ពាក្យថាអង្ករសំរូបយើងកិន យើងអុំហើយ ធ្វើជាសំរិត យើងយកទៅស្រិតនិងត្បាល់ អ៊ីចឹងហើយគាត់ធ្លាប់តែហូបបាយឬទិញអង្ករសម្រូបនៅផ្សារទំនើប តែគាត់អត់ដែលបានឃើញជីវិតពិត ការផលិតអង្ករដោយដៃទេ រួចហើយយើងយកអង្ករហ្នឹងដាំបាយឱ្យគាត់ពិសាទៀត »។
លោកបានបន្តទៀតថា៖ ដោយសារប្រជាសហគមន៍ជាង៨០ភាគរយ នៃប្រជាជនរស់នៅអមសងខាងផ្លូវ ប្រកបការងារកសិកម្មទាំងរដូវប្រាំងនិងវស្សា ដូច្នេះក្រុមការងារបានប្រែក្លាយទីនោះ ឱ្យក្លាយជាតំបន់កសិទេសចរណ៍ មានន័យថា៖ ទេសចរអាចជិះរទេះគោ ទស្សនាសកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋ រួមទាំងអាចសាកល្បងជាមួយសហគមន៍នូវសកម្មភាពជាច្រើន ទាំងការផលិតនំបញ្ចុក និងស្រាខ្មែរជាដើម។ លោកថា៖ រទេះគោ របស់ប្រជាសហគមន៍ចំនួនជាង២០រទះ បានដាក់វេនគ្នាជាប្រចាំថ្ងៃ រង់ចាំនាំភ្ញៀវទេសចរ ទស្សនាទេសភាពវាលស្រែ និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
សំឡេងទី២« ហើយជាលក្ខណៈពិសេសទៀត គឺសកម្មភាពក្នុងភូមិ យើងមានឱ្យភ្ញៀវយល់ដឹងពីការធ្វើនំបញ្ចុក និងការផលិតស្រាពីបុរាណ ទាំងការដាំបាយរោយដំបែខ្មែរ រួចហើយយកទៅបន្សុំាវាឱ្យគ្រប់៣យប់ ៤ថ្ងៃ បានយកទៅបិត យើងបិតលើកទីមួយបាន៣៦សេសេ បិតលើកទីពីរបាន៥០សេសេ បិតលើកទីបីបាន៨០ អ៊ីចឹងដូចជាអាល់កុលអ៊ីចឹង ហើយស្រាខ្មែរដែលយើងរៀបចំឱ្យភ្ញៀវមើលរាល់ថ្ងៃ អាចមានភ្ញៀវពីរ៥នាក់ទៅ១០នាក់មកមើលសកម្មភាពតាមភូមិបែបហ្នឹង»។ចំណែកលោកអ៊ុំ ជា គាំង ព្រឹទ្ធាចារ្យមួយរូបរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ជាអ្នកគ្រប់គ្រងរទេះគោដឹកភ្ញៀវក្នុងមូលដ្ឋាននេះ បានលើកឡើងថា៖ ចាប់តាំងពីការបង្កើតមានរទេះគោក្នុងសហគមន៍មក មានរទេះគោចំនួន២០រទេះ សម្រាប់ដឹកភ្ញៀវជិះទស្សនាសហគមន៍។ ដើមឡើយលោកអ៊ុំគឺជាអ្នកស្រឡាញ់ និងបានថែរក្សារទេះគោ ដែលធ្លាប់ជាយានជំនិះសម្រាប់ដឹកជញ្ជូនពីសម័យមុន នៅពេលមិនទាន់មានឧបករណ៍ទំនើបៗសម្រាប់ដឹកជញ្ជូនដូចសព្វថ្ងៃ។ លោកអ៊ុំតែងដើរប្រមែប្រមូលពីអ្នកភូមិ ដែលនៅរក្សាទុករទេះគោចាស់ៗ យកមកជួសជុល កែច្នៃជាថ្មី ដើម្បីក្លាយជាមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ។លោកអ៊ុំ ជា គាំង បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលនៅតែឃើញរទេះគោបង្ហាញវត្តមានជារៀងរាល់ថ្ងៃ ក្នុងសហគមន៍ខ្លួន និងមានការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ។
សំឡេងទី៣«ឃើញថាសប្បាយចិត្តជាមួយនិងការប្រើប្រាស់រទេះគោសាជាថ្មីឡើងវិញ ឃើញថាមានភ្ញៀវមកជិះរទះគោ ហើយយើងខំអភិរក្សបន្តទៀត ដរាបណាកម្លាំងទៅលែងរួចទើបឈប់ បើកម្លាំងនៅរួចចេះតែបន្តវេន។ និយាយពីគោលបំណងវែងឆ្ងាយសម្បើម នៅឆ្នាំ២០១១ឃើញថា រទេះគោបាត់ស្ងាត់ពីភូមិតែម្តង ក្រោយមកប្រហែលឆ្នាំ២០១២និង២០១៣ឃើញរទេះផុសនៅស្រុកថៃ តាំងពីក្លោងទ្វារ របងផ្ទះ ក្នុងផ្ទះគេតុបតែងរទេះ ម្ល៉ោះហើយខ្ញុំមានគំនិតមួយ ស្រុកយើងជាអ្នកប្រើរទេះជាម្ចាស់រទេះ ស្រាប់តែបាត់បង់អស់ទៅឃើញនៅគេ។ ពេលនោះខ្ញុំចាប់ផ្តើមរៀបចំឡើងវិញ ដោយគ្មានគោលបំណងថាដឹកឬអូសអីទេ គឺថែរក្សាទុក បានប្រហែលមួយខែឬពីរខែក្រោយមកស្រាប់តែប្អូនផានិត មកទាក់ទងពីរឿងដឹកភ្ញៀវចាប់ផ្តើមរៀបចំសាឡើងវិញ អ៊ីចឹងឃើញថាការងារនេះ មិនអត់ប្រយោជន៍ទេ ការអភិរក្សរបស់យើងឃើញថាដំណើរការល្អមកទល់ថ្ងៃនេះ »។
ជួបជាមួយលោកអ៊ុំ ជា ចោម មានអាយុ៦០ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិតាចេក សង្កាត់ជ្រាវ បានលើកឡើងថា៖ រទេះគោ ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយរបស់ខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយ តាំងពីធំដឹងក្តីមក លោកអ៊ុំតែងបានឃើញឪពុកម្តាយ ប្រើរទេះគោសម្រាប់ដឹកជញ្ជូនក្នុងការងារស្រែចម្ការ។ លោកអ៊ុំថា៖ ជាបន្តបន្ទាប់ ដោយសារស្រុកទេសមានភាពជឿនលឿន គ្រឿងចក្រទំនើបៗបានបង្ហាញវត្តមានជាហូរហែ ដើម្បីសម្រួលកម្លាំងពលកម្មរបស់កសិករ ដូច្នេះរទេះគោស្ទើរតែមិនបានយកមកប្រើប្រាស់បន្តឡើយ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ចង់ថែរក្សា មរតកដូនតាបន្សល់ទុកកុំឱ្យបាត់បង់ លោកអ៊ុំនៅតែបន្តរក្សាទុករទេះគោ ដើម្បីបង្ហាញដល់កូនចៅជំនាន់ក្រោយ។ លោកអ៊ុំ ជា ចោម បានបន្តទៀតថា៖ នៅពេលខាងសហគមន៍បានអញ្ចើញលោកអ៊ុំចូលរួមជាសមាជិក ដើម្បីបររទេះគោ នាំភ្ញៀវទេសចរដើរកម្សាន្ត លោកអ៊ុំពិតជារីករាយ ព្រោះថា៖ ទាំងនេះក្រៅពីអាចរកប្រាក់ចំណូលមកជួយគ្រួសារ ក៏បានបង្ហាញវត្តមានរទេះនៅតាមភូមិនានា ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។
សំឡេងទី៤« តាំងពីខ្ញុំកើតមកឃើញតែរទេះគោ ម៉ែឪបរភ្ជួរ ដឹកអីវ៉ាន់ ដឹកសំណាប ដឹកកណ្តាប់អីមក រហូត មើលទៅនៅតែដក់ចិត្ត ចោលវាមិនបាន ទុកទៅអនាគតទៅទៀត រហូតឱ្យកូនក្មេងសាក្រោយឱ្យស្គាល់រទេះគោ បើយើងបំបាត់អស់ទៅក្នុងវគ្គនេះៗ វាបាត់អស់ហើយ គេប្រើទំនើបអស់ហើយ យើងទុកឱ្យកូនក្មេងសាក្រោយស្គាល់រទេះគោទេ វាអស់តែម្តង។ គេបង្កើតក្នុងសហគមន៍ទុកដឹកភ្ញៀវ ភ្ញៀវជិះមើលអីវ៉ាន់តាមភូមិ តាមផ្ទះគេផង។ សប្បាយរីករាយរបស់យើងកើតហើយ កុំបំបាត់រទេះគោយើង ឱ្យយើងថែរក្សាវាឱ្យទៅមុខទៀត កុំឱ្យដាច់កេរ្តិ៍របស់ខ្មែរយើង។ មានភ្ញៀវដឹក ខាងទេសចរណ៍ គេនាំភ្ញៀវមក មានវេន វេនគេ វេនយើងវិលជុំ »។
រីឯលោកអាន រ៉ូ អាយុជាង៣០ឆ្នាំ សមាជិកសហគមន៍ទេសចរណ៍បឹងពារាំង បានលើកឡើងថា៖ ត្បិតលោកជាយុវជនជំនាន់ក្រោយ តែប្រហែលជាង១០ឆ្នាំមុន លោកធ្លាប់បានជួយការងារឪពុកម្តាយ ដោយប្រើប្រាស់រទេះគោជាមធ្យោបាយដឹកជញ្ជូនក្នុងការងារស្រែចម្ការ ប៉ុន្តែក្រោយៗមកចេះតែបាត់បង់ទៅៗ ដោយសារមានមធ្យោបាយទំនើបៗមកជួយជំនួស។ លោកថា៖ នៅពេលបានចូលរួមជាសមាជិកក្នុងសហគមន៍ លោកបានទិញរទេះគោពីបងប្អូនក្នុងភូមិ មកចូលរួមដឹកភ្ញៀវទេសចរជាមួយសមាជិកដទៃទៀត ដោយក្នុងចិត្តពិតជារីករាយ ដែលរូបលោកបានជួយលើកស្ទួយមរតកវប្បធម៌ខ្មែរទៅកាន់សាធារណជនបានស្គាល់ ជាពិសេសតាមរយៈមុខរបរនេះ ជួយឱ្យលោកអាចរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារបាន។
សំឡេងទី៥« ខ្ញុំទិញរក្សាទុក តែខ្ញុំទិញពីគេមក មានល្មមៗទិញទុកនៅផ្ទះ មិនឱ្យបាត់បង់ទេ ខ្ញុំនៅ ក្មេងជាងគេ តែខ្ញុំស្រឡាញ់ដែរ ស្រឡាញ់ដូចមនុស្សចាស់អ៊ីចឹង។ ខ្ញុំធ្លាប់ដឹកស្រូវ និងដឹកចំបើង ដឹកអុស តាំងពីចេះប្រើមកយូរឆ្នាំហើយ។ ពេលយើងដឹកបានយើងយកទៅទិញកន្ទក់ឱ្យគោយើងស៊ីដែរ ជួយជីវភាពគ្រួសារយើង»។
លោកអ្នកនាងជាទីមេត្រី!
មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ពីក្រុងសៀមរាប សង្កាត់ជ្រាវ មានភូមិចំនួន៧ភូមិ ប្រជាជនរស់នៅមានជាង៥ពាន់គ្រួសារ ៨០ភាគរយនៃប្រជាពលរដ្ឋ ពឹងអាស្រ័យលើការងារកសិកម្ម អាចធ្វើស្រែ២ទៅ៣ដងក្នុងមួយឆ្នាំ ក្រៅពីនោះគឺប្រកបការងារដាំដុះដំណាំបន្លែវិលជុំ ចិញ្ចឹមសត្វ និងការងារលក់ដូររួមផ្សំនានា។ ដោយសារសក្តានុពលមានស្រាប់បែបនេះ បានប្រែក្លាយតំបន់នេះ ទៅជាកសិទេសចរណ៍ មានន័យថា៖ ទេសចរអាចជិះរទេះគោទស្សនាសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានទាំងរដូវប្រាំង និងរដូវ វស្សា រួមទាំងអាចសាកល្បងនូវសកម្មភាពប្រចាំថ្ងៃមួយចំនួន ជាមួយសហគមន៍ ដូចជា៖ ការងារភ្ជួររាស់ ដកស្ទូង ប្រមូលផលស្រូវ ផលិតអង្ករ និងការងារផ្សេងៗទៀតតាមបែបបុរាណ។ ទាំងនេះធ្វើឱ្យទេសចរជាតិ និងអន្តរជាតិទទួលបានបទពិសោធន៍ថ្មីៗ ភាពសប្បាយរីករាយ មិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏អស្ចារ្យទាំងនោះ។ ជាក់ស្តែង ចាប់តាំងពីខែមេសា ឆ្នាំ២០២៥មកដល់ដើមខែឧសភា ឆ្នាំ២០២៥នេះ ទេសចរជាតិ អន្តរជាតិចំនួន៧០នាក់បានចូលមកស្នាក់នៅ និងជិះរទេះគោកម្សាន្តនៅសហគមន៍នេះ៕