វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សភាពការណ៍ផ្ទៃក្នុងប្រទេស កំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ប៉ុន្តែការគំរាមកំហែងនៃប្រភេទបទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង កំពុងកើតមានដូច្នេះចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់គ្រប់បែបយ៉ាង។
តាមរយៈសារលិខិតក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា «១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ ដូច្នេះសំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាព របស់កងកម្លាំងនគរបាលជាតិ និងសូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែ ក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូន កូនចៅ ក្រុមគ្រួសារ ញាតិសន្តាន នៃកងកម្លាំងនគរបាលជាតិ ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ សមាជិកគ្រួសារឱ្យចូលបម្រើក្នុងកងជួរ នគរបាលជាតិ ព្រមទាំងបានគាំទ្រ ជួយទំនុកបម្រុង លើកទឹកចិត្ត បង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់ បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរៀងរហូតមក។ ទន្ទឹមនេះក៏សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូន ចំពោះវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើ ពលិកម្មដ៏ឧត្តុង្គឧត្តម ដើម្បីប្តូរយកភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕