វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥
MC. ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្ម នៅជុំវិញប្រាសាទបាយ័ន ដើម្បីទុកដាក់ថ្មទាំងនោះឱ្យល្អប្រសើរ មានភាពងាយស្រួលក្នុងការដឹងពីប្រភេទនៃថ្ម។
លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា អស់រយៈពេល៥ខែមកហើយ ដែលក្រុមការងារបានអនុវត្តកិច្ចការនេះនៅជុំវិញប្រាសាទបាយ័ន ដោយកំណត់យកតួអក្សរសម្រាប់តាង។លោកថា តាមការប៉ាន់ស្មានចំនួនថ្ម នៅរាយប៉ាយជុំវិញប្រាសាទបាយ័ននេះ អាចមានជាច្រើនពាន់ដុំ ដូច្នេះការចុះបញ្ជីថ្មតាមលំដាប់លំដោយ ដោយមានដាប់ឆ្លាក់នៅដុំថ្មផង ដើម្បីត្រៀមរៀបចំទុកដាក់ទៅតាមប្រភេទរបស់ថ្ម ឱ្យមានសណ្តាប់ធ្នាប់ល្អ ព្រមទាំងសម្រួលដល់ការដើរទស្សនារបស់ទេសចរផងដែរ។
លោកបន្តទៀតថា ចំពោះថ្មទាំងនេះ មានថ្មខ្លះជាបំណែកព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ ដូច្នេះក្រុមការងារនិងរៀបចំទុកដាក់ទៅតាមប្រភេទនៃថ្មនីមួយៗ។លោកបន្ថែមថា ថ្មដែលកំពុងរៀបចំទុកដាក់ឱ្យបានល្អនេះ នឹងត្រូវយកទៅរក្សាទុកនៅបរិវេណប្រាសាទបាភួន។
យើងចុះលេខថ្ម យើងដាប់ហ្នឹង យើងមានគម្រោងទៅថ្ងៃមុខយើងរៀបចំទុកដាក់ថ្ម ឱ្យមានរបៀប ទីធ្លាវាតូច សម្រាប់ភ្ញៀវដើរទស្សនាវាស្រួលដែរ។ ដូចទ្រីបទី១អក្សរអេច វាមានប្រហែល៦០០ដុំ បន្ទាប់មកអក្សរជីប្រហែលមាន១ពាន់ដុំ ហើយនៅកាច់ជ្រុងនោះ មានប្រហែល១ពាន់ដុំទៀត អាហ្នឹងអក្សរអេចអាយ។
បើតាមអ្នកជំនាញបញ្ជាក់ថា បំណែកថ្មខ្លះ ដូចជាកំពូល ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។ កិច្ចការទាំងនេះ អ្នកជំនាញសង្ឃឹមថា ការរៀបចំនេះ នឹងធ្វើឱ្យថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួលក្នុងការយកមកប្រើប្រាស់ ឬជួសជុលប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនាពេលអនាគត៕