វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៨ ៥ ២០២៥
ភ្នំពេញ ៖ គិតមកដល់ពេលនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ. បានផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់ថ្នាក់ដឹកនាំសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ៣តំបន់ មកពី ១៩រាជធានី ខេត្ត។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥ នៅតាមបណ្តាខេត្តគោលដៅ ៣ទីតាំងផ្សេងគ្នា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន និងមន្ទីរពេទ្យ តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងអង្គភាព ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្ត្រី ប្រជាពលរដ្ឋ និងសហគមន៍។
ឯកឧត្តមបានបន្ថែមថា ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅតាមអង្គភាពសាលារៀន និងមន្ទីរពេទ្យ ពិតជាមានសារៈសំខាន់ សម្រាប់បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យជាបណ្ដើរៗ។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្នុងនាមក្រសួងមុខងារសាធារណៈ ឯកឧត្តមបានស្នើឱ្យសាមីអង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាពនីមួយៗ ត្រៀមលក្ខណៈរៀបចំអង្គភាពរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យពាក់ព័ន្ធជួយសម្របសម្រួល គាំទ្រដល់គ្រប់អង្គភាព ដើម្បីបង្កលក្ខណៈឱ្យអង្គភាពទាំងអស់នេះ មានឱកាសចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ។
សូមជម្រាបថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥ នៅតាមបណ្តាខេត្តគោលដៅ ៣ទីតាំងផ្សេងគ្នា ដើម្បីឱ្យការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ រក្សាបាននូវសុក្រឹតភាព និងភាពយុត្តិធម៌។
សិក្ខាសាលា ផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥ នឹងបន្តរៀបចំនៅទីរួមខេត្តសៀមរាប នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ៕