វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៩ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតជាបានធ្វើឱ្យប្រទេសជាតិយើង ធានាបាននូវ ការប្រកួតប្រជែងប្រកបដោយជោគជ័យ និងគ្រប់បរិក្ខាទាំងអស់ ។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ។
ក្នុងនោះសម្តេចធិបតីបានបញ្ជក់ថា ការអប់រំ ត្រូវបានចាត់ទុកជាកត្តាកំណត់ដ៏សំខាន់ នៃសុខមាភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងមានឥទ្ធិពលវិជ្ជមាន លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន ៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការទាំង៣ខាងលើរួមមាន៖ ទី១ គឺការអប់រំបង្កើនមូលធនមនុស្ស នៅក្នុងកម្លាំងពលកម្មសរុបជាតិ ដែលជាកត្តាចាំបាច់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះទៅកម្រិតថ្មីមួយទៀត ។ ទី២ ការអប់រំបង្កើនសមត្ថភាព ក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងទី៣ ការអប់រំ ជួយសម្រួលដល់ការផ្ទេបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងការជំរុញសេដ្ឋកិច្ច ។
"ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតជាធ្វើឱ្យប្រទេសជាតិយើង ធានាបាននូវ ការប្រកួតប្រជែងប្រកបដោយជោគជ័យ និងគ្រប់បរិក្ខាទាំងអស់ ។ នេះគឺជាកត្តាកំណត់នៃសមត្ថភាព របស់ប្រទេសជាតិមួយ នៅក្នុងការធានានូវភាពប្រកួតប្រជែង ការធ្វើពិពិតកម្មនៃសេដ្ឋកិច្ច" ។
បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ធនធានមនុស្ស មិនបានកំណត់ថា ក្នុងលក្ខណៈគ្រួសារ លក្ខណៈសង្គមជាតិ តែងតែផ្តល់ការយកចិត្តទុកដាក់ជាធំ ដែលសម្តេចធិបតី តែងតែថ្លែងជារើយៗថា មិនថាឪពុកម្តាយជាអ្នកក្រ ឬអ្នកមាន ឬជនបទដាច់ស្រយ៉ាល តែងតែខិតខំឱ្យកូនៗបានសិក្សារៀនសូត្រ ដោយសារប្រជាជនយល់ឃើញថា មានតែចំណេះដឹងទេ ទើបមាននិរន្តរភាព៕