វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព ហើយកត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវកាលនុវត្តភាពនិងលទ្ធភាពគ្រប់គ្រាន់សម្រាប់គ្រប់សាសនិក គ្រប់សាសនា ក្នុងការរៀបចំពិធីនិងសកម្មភាពសាសនា ដែលនេះជាផ្នែកមួយនៃការចូលរួមក្នុងការអភិវឌ្ឍជាតិជាពិសេសជួយបណ្តុះបណ្តាលស្មារតីគុណធម៌ សីលធម៌ សុជីវធម៌ ដល់មនុស្សនៅក្នុងសង្គមដែលធ្វើសង្គមមានការរីកចម្រើនល្អប្រសើរ។ ជាក់ស្តែងចំនួនវត្តអារាម ព្រះពុទ្ធសាសនានិងចំនួនព្រះសង្ឃនៅទូទាំងប្រទេស មានការកើនឡើងជាលំដាប់ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា វិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្ន មានការរីកចម្រើនទាំងបរិមាណនិងគុណភាពគួរឱ្យកត់សម្គាល់ ដែលផលនេះកើតចេញពីប្រទេសមានសុខសន្តិភាព និយាយជារួមនិងនិយាយដោយឡែកកើតចេញពីសាមគ្គីភាពនិងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបំពេញកាតព្វកិច្ចយ៉ាងសកម្មនាពេលកន្លងមក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនិងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងពុទ្ធចក្រនិងអាណាចក្រ។
« តាមរបាយការណ៍ឯកឧត្តម ចាយបូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ចំនួនវត្តអារាម ព្រះពុទ្ធសាសនានិងចំនួនព្រះសង្ឃនៅទូទាំងប្រទេស មានការកើនឡើងជាលំដាប់ នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនូវតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។ កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវកាលនុវត្តភាពនិងលទ្ធភាពគ្រប់គ្រាន់សម្រាប់គ្រប់សាសនិក គ្រប់សាសនា នូវក្នុងការរៀបចំពិធីនិងសកម្មភាពសាសនា»៕
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានវត្តសរុបចំនួន ៥ ១៤៨ វត្ត ក្នុងនោះមហានិកាយចំនួន ៤ ៨៧៦វត្ត គណៈធម្មយុត្តិចំនួន ២៧២វត្ត ព្រះសង្ឃសរុបមានចំនួន ៧៥ ៥៥៦ ព្រះអង្គ ក្នុងនោះគណៈ មហានិកាយមានចំនួន ៧២ ៩០០ព្រះអង្គ គណៈធម្មយុត្តិមាន ២ ៦៥៦ ព្រះអង្គ។ ពុទ្ធិកសិក្សាក៏មានការ រីកចម្រើនជាបន្តបន្ទាប់ តាំងពីថ្នាក់ធម្មវិន័យ ពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកឧត្តមសិក្សា និងក្រោយ ឧត្តមសិក្សា ក្នុងនោះពុទ្ធិកសាកលវិទ្យាល័យមានចំនួន ៣ គឺ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម៕