សម្តេចធិបតី ៖ សិស្សពូកែគណិតវិទ្យានៅទូទាំងប្រទេស កើតចេញពីគ្រួសារក្រីក្រ ខណៈឪពុករត់កង់បី និងម្តាយលាងចានឲ្យគេ

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៩ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរដល់ក្មេងប្រុសម្នាក់ដែលជាសិស្សពូកែផ្នែកគណិតវិទ្យានៅទូទាំងប្រទេសបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទាល់តែបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ គឺកើតចេញពីគ្រួសារក្រីក្រដែលមានឪពុកជាអ្នករត់កង់បី និងម្តាយជាអ្នកស៊ីឈ្នួលលាងចានឲ្យគេ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតីបានមានប្រសាសន៍អំពីការតស៊ូសិក្សារៀនសូត្ររបស់សិស្សប្រុសម្នាក់នៅខេត្តព្រៃវែងដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ខាងផ្នែកគណិតវិទ្យានៅទូទាំងប្រទេសដែលមានជីវភាពក្រីក្រលំបាក ប៉ុន្តែមិនចុះចាញ់នឹងវាសនាទេ ដោយរូបគេបានព្យាយាមរៀនសូត្រទាល់តែបានចំណាត់ល្អខាងផ្នែកគណិតវិទ្យានៅទូទាំងប្រទេស ។
ចំណុចនេះ សម្តេចធិបតីបានផ្ញើសារទៅយុវសិស្សផ្សេងទៀតឲ្យយកគំរូតាម ព្រោះសម្តេចមានប្រសាសន៍អះអាងថា មិនថាឪពុក-ម្ដាយក្រ ឬមានទេ គឺសុទ្ធតែចង់ឲ្យកូនៗបានចូលរៀនមានចំណេះដឹងជ្រៅជ្រះ ព្រោះពួកគាត់យល់ឃើញថា មានតែចំណេះដឹងទេជាទ្រព្យជាប់នឹងប្រាណ ចាយមិនចេះអស់ ខុសពីលុយដែលចាយឆាប់អស់ ។ 
 “ក្មួយដែលប្រឡងជាប់លេខ១ នៅព្រៃវែង ឪពុក-ម្តាយក្រ ។ ក្មួយម្នាក់ដែលលេខមួយហ្នឹងគ្រួសារជួនកាលហូបពងទា ជីវភាពមិនសម្បូរណ៍ដូចមិត្តខ្លះនៅក្នុងសាលាដែលគេមានម៉ូតូ មានអី… តែគាត់ជំរុញចិត្ត និងមានការលើកទឹកចិត្តបន្ថែមពីឪពុក-ម្តាយ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សមត្ថភាពនៅក្នុងការសិក្សារៀនសូត្រនេះ ក៏បានឆ្លុះបញ្ចាំងអំពីសមត្ថភាពនៃការខិតខំប្រកួតប្រជែងពេលចេញធ្វើការទៅថ្ងៃអនាគត ដោយអត់មានឪពុក-ម្តាយតាមជួយជ្រោមជ្រែងរហូតនោះទេ ។
សូមបញ្ជាក់ថា យុវសិស្សដែលប្រឡងជាប់ចំណាត់ថ្នាក់១ផ្នែកគណិតវិទ្យា ឈ្មោះ ចាន់ សុវណ្ណរាជ គឺជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រៃពោន ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជាមួយនឹងជោគជ័យទាំងវ័យក្មេងដែលតំណាងឲ្យខេត្តព្រៃវែងនេះ ក៏មានការៀបចំដង្ហែជាក្បួនដើម្បីអបអរសាទរយ៉ាងក្លៀវក្លាផងដែរ៕