វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៩ ៥ ២០២៥
ភ្នំពេញ ៖ មានប្រសាសន៍ចេញពីរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ ជាទីកន្លែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃចាប់ពី៨-៩ឧសភា សម្តេចបានរំលឹកពីការឲ្យតម្លៃមហាមិត្តដែកថែបចិនថា រាល់ការផ្តល់ជំនួយអភិវឌ្ឍន៍នានាមកកាន់កម្ពុជា ចិនមិនដែលដាក់សម្ពាធ ឬលក្ខខណ្ឌណាមួយឲ្យកម្ពុជាធ្វើតាមការចង់បានរបស់ខ្លួននោះទេ ខុសពីប្រទេសមួយចំនួនបានបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះ ។
ក្នុងឱកាសអញ្ជើញថ្លែងបាឋកថាប្រធានបទ៖ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតីទីម័រឡេស្តេ នាថ្ងៃទី៩ ខែឧសភា សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជារងទុក្ខវេទនាដោយសារការជ្រៀតជ្រែករបស់មិត្តបរទេសមួយចំនួន ដែលភាពជាម្ចាស់របស់កម្ពុជាត្រូវបានគេដណ្តើមយកទៅគ្រប់គ្រង ។
សម្តេចតេជោបន្តថា ក្នុងនោះគេបានចង្អុលបង្ហាញឲ្យកម្ពុជាធ្វើនេះ ធ្វើនោះ ប៉ុន្តែបើកម្ពុជាមិនព្រមធ្វើតាមនោះ គេនឹងកាត់ជំនួយចោលលែងជួយបន្តទៀត ខុសពីមិត្តចិនមិនដែលបង្គាប់បញ្ជាកម្ពុជាឡើយ ។
សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅកម្ពុជាកាលពីថ្ងៃទី១៧-១៨ខែមេសា កន្លងមកបានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែរឹងមាំឡើងបន្ថែមទៀត ។
សម្តេចតេជោបញ្ជាក់ថា “ចិនមិនដែលដាក់កំហិតឲ្យយើងធ្វើនេះធ្វើនោះទេ ។ តែចិនគោរព ។ ឧទាហរណ៍យើងត្រូវការជំនួយ ត្រូវការអីពីចិន ចិនអត់មានថា ត្រូវធ្វើនេះមុនធ្វើនោះក្រោយទេ ។ ចិនគោរពយើងខ្ញុំ”។
សម្តេចតេជោបន្តថា មហាមិត្តចិនបានជួយកម្ពុជាច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម ប៉ុន្តែចិនមិនដែលដាក់លក្ខខណ្ឌឬសម្ពាធមកលើកម្ពុជានោះទេ ។
សម្តេចតេជោក៏បានលើកជាសំណើទៅប្រទេសនានា និងដៃអភិវឌ្ឍន៍ផ្សេងទៀតត្រូវគោរពសិទ្ធិម្ចាស់ប្រទេស ដូច្នេះសុំដៃគូអភិវឌ្ឍន៍ទាំងអស់បញ្ឈប់ការចេញបទបញ្ជាឲ្យប្រទេសមួយធ្វើតាមខ្លួនទើបព្រមផ្តល់ជំនួយ។
សូមបញ្ជាក់ថា ទីម័រឡេស្តេនេះ បានស្នើសុំឲ្យកម្ពុជាគាំទ្រប្រទេសខ្លួនឲ្យចូលជាសមាជិកអាស៊ានទី១១ ។ សម្រាប់សំណើនេះ ជារឿយៗសម្តេចគាំទ្រ ហើយក្នុងពេលធ្វើបាឋកថានេះ សម្តេចសង្ឃឹមថា ទីម័រនឹងអាចចូលជាសមាជិកអាស៊ាន៕