អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ព្រះមន្ត្រីសង្ឃ រួមជាមួយអាជ្ញាធរខេត្តសៀមរាប បានប្រារព្ធពិធីបំបួសកុលបុត្រ កុលធីតា ចំនួន៥០៩រូប នៅបរិវេណវត្តព្រះឥន្ទទេព ខាងត្បួងប្រាសាទបាយ័ន ក្រុងសៀមរាប ដើម្បីផ្តល់ឱកាសដល់កុលបុត្រ កុលធីតា សិស្ស និស្សិត បានបួសអប់រំបន្ទំចិត្ត ប្រណិប័តន៍ធម៌ និងចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃពិសេសសម្រាប់ពុទ្ធសាសនិកក្នុងព្រះពុទ្ធសាសនា។ នេះជាឆ្នាំទី១៣ហើយ ដែលមានការប្រារព្ធពិធីកោរសក់ និងបួងសក់បំបួសកុលបុត្រ កុលធីតា ដែលជាទំនៀមទម្លាប់របស់ខ្មែរយើង ដ៏យូរលង់ណាស់មកហើយ តែងប្រារព្ធធ្វើ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ពិធីកោសក់ បួងសក់ បំបួសកុលបុត្រ កុលធីតា ទាំង៥០៩អង្គ/នាក់ ជាការបួសរយៈពេលខ្លី ៤យប់ ៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដល់ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យកុលបុត្រ កុលធីតា បានស្វែងយល់ពីពិធីបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាឱកាសដល់កុលបុត្រកុលធីតាខ្មែរ មានឱកាសបានសាង
ភ្នួស អប់រំបន្ទំចិត្ត ប្រតិបត្តិធម៌ ដើម្បីតបស្នងសងគុណ មាតាបិតា និងអាណាព្យាបាល។ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះរាជាគណថ្នាក់កិត្តិយស ព្រះធម្មធរអនុគណក្រុងសៀមរាប មានពុទ្ធដីកាថា៖ ក្នុងសង្គមខ្មែរបានចាត់ទុកព្រះពុទសាសនា ជាវិស័យសំខាន់ និងជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន ដែលហៅថា៖វិស័យពុទ្ធចក្រ។ វត្តអារាមដែលមានព្រះសង្ឈជាតួអង្គសំខាន់នោះ បានជួយអភិវឌ្ឍន៍សង្គមកម្ពុជា តាំងពីសម័យមុនមក ដោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងបារម្ភ យកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទ្ធ បានបំពេញបុណ្យកុសលតាមសេចក្តីជ្រះថ្លា។ជាក់ស្តែង ពិធីកោរសក់ និងបួងសក់ បំបួសបុលបុត្រ កុលធីតានាពេលនេះ មានគោលបំណងអប់រំបន្ទំនិស្ស័យ កុលបុត្រ កុលធីតាខ្មែរតាមមាគ៌ាព្រះពុទ្ធសាសនា បានស្វែងយល់ពីពិធីបុណ្យវិសាខបូជា រួមទាំងការបួសតបគុណមាតា បិតា អាណាព្យាបាលជាដើម។សំឡេងទី១«គោលបំណងដើម្បីស្វែងយល់ និងចូលរួមពិធីបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ដើម្បីឱ្យកុលបុត្រ កុលធីតាមានឱកាសចូលរួមសាងភ្នួសដើម្បីតប សងចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសជាតិ។ ដើម្បីអប់រំបន្ទំនិស្ស័យកុលបុត្រ កុលធីតាខ្មែរតាមមាគ៌ាព្រះពុទ្ធសាសនា ដែលមានការបួសរយៈពេលខ្លីនេះ ជាពិសេសដើម្បីឱ្យពួកគេមានការភ្ញាក់រលឹក លះបង់នូវអ្វីដែលកំពុងធ្វើខុស និងបានប្រព្រឹត្តខ្លួនជាមនុស្សល្អប្រាំយ៉ាងគឺ៖ កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាសាសនិកល្អ»។ព្រះអង្គមានពុទ្ធដីកាបន្តទៀតថា៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១៣ហើយ នៃពិធីបំបួសកុលបុត្រ កុលធីតាខ្មែរនៅលើទឹកដីអង្គរនៃយើង ដើម្បីផ្សារភ្ជាប់និស្ស័យ និងសាកល្បងជីវិតក្នុងភេទជាអ្នកបួស ប្រណិប័តន៍ព្រះធម៌វិន័យ និងដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា សរុបពីឆ្នាំដំបូងមកដល់ពេលនេះ មានកុលបុត្រ កុលធីតាចំនួន៩ពាន់នាក់ហើយ បានចូលរួម។ ដោយឡែក សម្រាប់ពិធីបុណ្យវិសាខបូជា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩នេះ មានកុលបុត្រ កុលធីតា សរុបចំនួន៥០៩អង្គ/នាក់ បានចូលរួមពិធីបំបួសនេះ។ ការបំបួសមិនថារយៈពេលវែងឬខ្លីនោះទេ គឺជាការរក្សាបាននូវទំនៀមទម្លាប់របស់ខ្មែរយើង ដែលមានតាំងពីយូរលង់ណាស់មកហើយ សុទ្ធតែមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ខ្លួនឯង និងសង្គមជាតិ ព្រោះថា កុលបុត្របានលះបង់សក់ ដើម្បីសាងភ្នួស គឺជាការលះបង់មួយដ៏អស្ចារ្យ។ សំឡេងទី២« ពិធីកោរសក់និងបួងសក់ ដល់កុលបុត្រ កុលធីតានាពេលនេះ គឺជាទំនៀមទម្លាប់របស់ខ្មែរយើងដ៏យូរលង់ណាស់មកហើយ ដែលយើងតែងប្រារព្ធមុនពេលបួស។ សក់គឺជាវត្ថុដែលមនុស្សស្រឡាញ់ណាស់ ថែរក្សា សម្អិតសម្អាងជារៀងរាល់ថ្ងៃ ប៉ុន្តែកុលបុត្របានស្ម័គ្រចិត្តលះបង់សក់ដែលជាទីស្រឡាញ់នេះ គឺជាការលះបង់មួយដ៏អស្ចារ្យ ជាពលិកម្មមួយដ៏ធំធេង ក្នុងភាពជាយុវ័យ ដើម្បីសាងភ្នួសបួសសងគុណមាតាបិតានិងអ្នកមានគុណទាំងឡាយ។ ជាពិសេសបានបំពេញតួនាទីជាកូនប្រុស តាមប្រពៃណីរបស់យើង តាមទំនៀមទម្លាប់ខ្មែរកូនប្រុសត្រូវតែសាងភ្នួស បួសជាភិក្ខុឬសាមណេ ទោះក្នុងរយៈពេលវែងឬពេលខ្លី រហូតគេបានឱ្យតម្លៃថា បួសសាមណេសងគុណម្តាយ បួសជាភិក្ខុសងគុណឪពុក។ រីឯកូនស្រី ត្រូវអប់រំបន្ទំនិស្ស័យ កិរិយាមារយាទ និងឥរិយាបថជាស្ត្រីឱ្យបានល្អ តាមវិធីចូលម្លប់ ឬការបូជាសីលវត្តី កាន់សីលមួយរយៈនេះឯង »។យុវតី ហេង មាលា ជាសិស្សថ្នាក់ទី១២ រស់នៅក្រុងសៀមរាបបានឱ្យដឹងថា៖
នេះជាលើកទីមួយដែលប្អូនបានសម្រេចចិត្តចូលរួមក្នុងពិធីកោរសក់ បួងសក់បំបួសកុលបុត្រកុលធីតា រយៈពេលខ្លីក្នុងឱកាសបុណ្យវិសាខបូជា ដោយយល់ថា៖ មានសារប្រយោជន៍សម្រាប់ប្អូន ធ្វើឱ្យមានចិត្តស្ងប់ បានសិក្សាព្រះធម៌វិន័យ ជាពិសេសដើម្បីតបស្នងសងគុណមាតាបិតាផង។
សំឡេងទី៣« ពីដំបូងខ្ញុំអត់ដឹងទេថា នៅទីនេះគេមានបួស ដោយខាងខេត្តគេទម្លាក់ព័ត៌មានទៅសាលា បានខ្ញុំដឹងហើយមានអារម្មណ៍ថា ចង់មកបួសតែម្តង ដូចយើងមាននិស្ស័យក៏ថាបាន ហើយណាមួយខ្ញុំក៏ធ្លាប់តាំងចិត្តនេះពីមុនមកដែរ ថាចង់មកបួសលាងកំហុសខ្លះៗ ហើយចង់ធ្វើឱ្យចិត្តស្ងប់ខ្លះអីខ្លះ ព្រោះខ្ញុំរៀនទី១២ទៅមានអារម្មណ៍ថាធុញថប់ខ្លះដែរ។ ខ្ញុំអាចទទួលបានអារម្មណ៍មួយស្ងប់ ហើយមានអារម្មណ៍ជ្រះថ្លាក្នុងចិត្ត អត់សូវគិតច្រើន បានសងគុណមាតាបិតាផង។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមក្នុងសាសនារបស់ខ្លួនផ្ទាល់ផង ព្រោះខ្ញុំអត់ងាយចូលរួមទេ»។ចំណែកលោក ផន ឡី មានអាយុ៤៨ឆ្នាំ ប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានលើកឡើងថា៖ ពិធីបំបួសកុលបុត្រ កុលធីតា គឺជាទំនៀមទម្លាប់ដ៏ល្អផូផង់មួយរបស់ខ្មែរ ដែលមានតាំងយូរលង់ណាស់មកហើយ។ ការសម្រេចចិត្តមកបួសក្នុងពេលនេះលោក ផន ឡី មានគោលបំណងលាបំណន់ ដែលធ្លាប់បានបន់ស្រន់នាពេលកន្លងមក។ បន្ថែមពីនេះ ត្បិតការបួសមានរយៈពេលខ្លី ប៉ុន្តែលោកបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការសិក្សាព្រះធម៌វិស័យ អប់រំបន្ទំចិត្ត និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន។សំឡេងទី៤« មកបួសនេះចង់លាបំណន់ ក្នុងពិធីបំបួសកុលបុត្រ កុលធីតា ការរៀបចំកម្មវិធីបុណ្យវិសាខបូជា លើកកម្ពស់វិស័យព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ក្នុងវិស័យព្រះពុទ្ធសាសនា យើងប្តេជ្ញាចិត្តបួសក្នុងសាសនា ធ្វើតាមការណែនាំរបស់លោកគ្រូ គាត់ណែនាំយើងសង្រួមវាចា ចិត្ត ការអប់រំ ពាក្យប្រៀនប្រដៅក្នុងព្រះពុទ្ធសាសនា។ចូលរួមក្នុងកម្មវិធីនេះ យើងសប្បាយចិត្ត វាល្អ សង្រួមចិត្តវាចា បើកាលណាមនុស្សមានធម៌មេត្តាគឺសប្បាយចិត្តហើយ »។រីឯអ្នកស្រី ឡេន លាភ មានអាយុ៦១ឆ្នាំ ពុទ្ធបរិស័ទរស់នៅខេត្តសៀមរាប ដែលបាននាំកូន និងចៅប្រុសចំនួន២នាក់ មកចូលរួមពិធីបំបួសកុលបុត្រកុលធីតា ក្នុងឱកាសបុណ្យវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា រំលឹកដល់ហេតុការណ៍សំខាន់ៗ៣យ៉ាងរបស់ព្រះពុទ្ធបរមគ្រូនៃយើង។ អ្នកស្រីថា៖ ពិតជាជ្រះថ្លា និងរីករាយដែលកូននិងចៅ បានសាងភ្នួសទោះបីមិនបានរយៈពេលវែង ប៉ុន្តែនេះក៏ជាស្ពានចម្លងឱ្យមនុស្សមានសេចក្តីស្ងប់សុខ និងទទួលបុណ្យកុសលទៅអនាគត។សំឡេងទី៦« ចង់បំបួសក្មួយ កូននោះឯង មានអារម្មណ៍សប្បាយរំភើប ក្នុងខ្លួន អរគុណដែលកូន និងចៅជ្រះថ្លា។ គេចម្លងព្រះពុទ្ធសាសនា ដើម្បីពង្រីកសាសនាយើងរីកចម្រើន ឱ្យកុលបុត្រកុលធីតាជំនាន់ក្រោយនេះ ឱ្យដឹងថាវិសាខបូជាយើងត្រូវបួសចម្លងធម៌ កាន់តាមប្រពៃណីយើង សងគុណដល់មាតាបិតា ជីដូនជីតា មានអារម្មណ៍ត្រេកអរ និងព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ពន្លឺភ្លឺទៅមុខ ខំកសាងខ្លួន សន្សំបុណ្យកុសលមិនបានច្រើនក៏បានតិចជានិស្ស័យ»។លោកលី សារី អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា៖ លោកពិតជាមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានចូលរួមកសាងបុណ្យកុសល ជាមួយព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ លោកយាយ លោកតា លោក-លោកស្រី ពុទ្ធបរិស័ទ ទាំងអស់ ក្នុងពិធីបុណ្យ វិសាខបូជា និងបំបួសកុលបុត្រ កុលធីតា ឆ្នាំម្សាញ់ សប្តស័ក ព.ស . ២៥៦៩ គ.ស.២០២៥នេះ។ លោកបានសម្តែង នូវគារវកិច្ច និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ប្រគេន និង ជូន ចំពោះ ព្រះតេជគុណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល មានទឹកព្រះទ័យ និងយកចិត្តទុកដាក់ រៀបចំ កម្មវិធីបុណ្យនេះឡើង ដើម្បីរំលឹកដល់នក្ខត្តសម័យកាលទាំងបីរបស់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ ការយាងត្រាស់ដឹង ព្រមទាំងកាល ដែលព្រះអង្គទ្រង់យាង ចូលបរិនិពាន្វហើយក៏ជាសម្តែងនូវ កតញ្ញូកតវេទិតា ថ្វាយចំពោះអច្ឆរិយៈបុគ្គល ព្រះអង្គ ដែលបានសាង បុណ្យ បារមីដោយលះបង់ព្រះកាយពល សេចក្តីសុខ និងព្រះជន្ម ដើម្បីស្វែងរកព្រះធម៌បម្រើឧត្តមប្រយោជន៍មនុស្សជាតិ នៅ លើភពផែនដីយើងនេះ ឱ្យមានសុខសន្តិភាព តាមគន្លង ប្រពៃណី ព្រះពុទ្ធសាសនា ជារៀងដរាបមក។លោកក៏បានថ្លែងអំណរព្រះសង្ឃគ្រប់ព្រះអង្គ មាតាបិតា អាណាព្យាបាល សីលវន្តសីលវតី ចំពោះការលះបង់ ពេលវេលាដ៏មានតម្លៃ ចូលរួមពិធីបំបួសកុលបុត្រ កុលធីតា ដើម្បីចូលរួមសាងបុណ្យកុសល សិក្សាស្វែងយល់ព្រះធម៌វិន័យ ពុទ្ធឱវាទនៃព្រះពុទ្ធសាសនាដែលគណ:កម្មការបានរៀបចំ។សំឡេងទី៧« ខ្ញុំបាទករុណាជាពុទ្ធសាសនិកម្នាក់ ដែលតែងតែគោរពប្រតិបត្តិ និងគោរពស្រឡាញ់បំផុត ចំពោះព្រះពុទ្ធសាសនា ក៏មិនខុសពីពុទ្ធបរិស័ទដទៃទៀតដែរ គឺចង់ឱ្យវិស័យព្រះពុទ្ធសាសនា ជាពិសេសគឺវត្តអារាមរបស់យើង បន្តវេននិងបំពេញតួនាទីរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ដល់ពុទ្ធបរិស័ទ្ធនិងសង្គមជាតិ។ សម្រាប់ជាទីពំនាក់ របស់ពុទ្ធបរិស័ទគ្រប់ៗរូប។ មិនត្រឹមតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា និងវត្តអារាម ជាចំណុចកណ្តាលនៃធ្លុងសាមគ្គីភាព ប្រជាធិបតេយ្យ គ្មានកន្លែងណា ដែលនាំឱ្យពលរដ្ឋខ្មែរទៅរកសាមគ្គីភាពបានល្អដូចទីវត្តអារាមនេះទេ»។
លោកអ្នកនាងជាទីមេត្រី!
ពិធីបុណ្យវិសាខបូជា ត្រូវបានពុទ្ធសាសនិកចាត់ទុកថា មានសារៈសំខាន់បំផុតមួយ ក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា គឺប្រារព្ធឡើង ដើម្បីការគោរពរំឭកនឹកដល់ ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ជាថ្ងៃព្រះអង្គទ្រង់ប្រសូត្រ ព្រះអង្គទ្រង់បាន
ត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។តាមរយៈសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការរៀបចំពិធីបុណ្យវិសាខបូជា បញ្ជាក់ថា៖ បុណ្យវិសាខបូជា ឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំជាផ្លូវការនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឈ និងពុទ្ធបរិស័ទយ៉ាងអធិកអធម។ ដោយឡែកនៅតាមបណ្តាវត្តអារាមទូទាំងប្រទេស បានរៀបចំពិធីបុណ្យនេះព្រមៗគ្នាដែរ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ៕