វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី១០ ឧសភាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង-ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានពង្រឹងសមត្ថភាពមន្ត្រីឆ្មាំ និងប្រជាសហគមន៍នេសាទចំនួន៧០នាក់ ដើម្បីជំរុញដល់ ការងារអភិរក្សត្រីមេពូជ និងសត្វផ្សោតនៅក្នុងរដូវបិទនេសាទទោះបីថាមានជនខិលខូច ជេរប្រមាថមន្ត្រីជំនាញយ៉ាងណាក៏ដោយ ត្រូវតែបង្ក្រាបនិងនាំយកមកអនុវត្តច្បាប់។
ក្នុងឱកាសចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយឆ្មាំទន្លេអភិរក្សសត្វផ្សោតនិងក្រុមអភិរក្សត្រីមេពូជ នៅឃុំស្រែក្រសាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែងថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមសរសុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖ ការងារអភិរក្សធនធានផលិតផលជលផលជាសម្បត្តិជាតិទាំងអស់គ្នា ដូចនេះយើងត្រូវតែរួមគ្នា បង្ក្រាបជនសង្ស័យដែលលួចប្រើប្រាស់ឧបករណ៍ ខុសច្បាប់នៅក្នុងអន្លុងអភិរក្ស និងតំបន់ហាមឃាត់ក្នុងរដូវបិទនេសាទនេះ ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ មន្ត្រីក្រុមអភិរក្សពិតជាមានឆន្ទៈនិងមានមនសិការខ្ពស់ ទោះបីមាន មិនមានប្រាក់ឧបត្ថម្ភក៏ដោយ តែមានស្មារតីខិតខំធ្វើឱ្យផលត្រី មាននិរន្តរភាពសម្រាប់បន្តជំនាន់ឱ្យកូនចៅ ទាញយកផល មកចិញ្ចឹមជីវភាពរស់នៅដូចសព្វថ្ងៃនេះ។
ខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូនទាំងអស់នៅទីនេះនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មានប៉ុស្តិ៍នគរបាលរដ្ឋបាល មានគណៈបញ្ជាការឯកភាពស្រុក ឃុំ ស្រុះដៃគ្នាជួយធ្វើយ៉ាងណា ទប់ស្កាត់ឱ្យបាន នូវការធ្វើនេសាទខុសច្បាប់ ការប្រើសម្ភារៈនេសាទខុសបច្ចេកទេស និងខុសច្បាប់ជាពិសេស ឧបករណ៍ឆក់ ។
លោកទំនីរ៉ូ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖បច្ចុប្បន្ននៅមានជនខិលខូចមួយចំនួនតែងឆ្លៀតឱកាសលួចដាក់មងចងសន្ទូចនៅតាមតំបន់ដែលមន្ត្រីយើងហាមឃាត់ ហើយប្រឈមទៅនឹងការធ្វើសកម្មភាពបង្ក្រាបពីមន្ត្រីជំនាញផងដែរ។
លោកសឿនកុល
មន្ត្រីសហគមន៍នេសាទកោះជ្រីមបានបញ្ជាក់ដែរថា៖សកម្មភាពបង្ក្រាបនេះតែងជួបការលំបាកខ្លះៗ តែក្រុមការងារមិនដកថយទេ ទោះបីមេឃភ្លៀងងងឹតយ៉ាងណា ក៏ដោយ។
(សំឡេង)រដូវនេះជួបការលំបាកដោយសារ ភ្លៀងមេឃងងឹតធ្វើឱ្យយើងពិបាកមើល ជនល្មើស ឃើញហើយពិបាកដេញ ដោយសារតែខ្លាច បុកថ្ម បុកកោះអី ពេលខ្លះក៏ខ្លាចដែរ ប៉ុន្តែទៅទាំងភ័យ។
លោកស្រីសំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានទទួលស្គាល់ថា៖សកម្មភាពនេះក្រុមការងារបានប្រឹងប្រែងមែន ហើយនៅដើមឆ្នាំ២០២៥នេះ មន្ត្រីឆ្មាំនិងប្រជាសហគមន៍ដកហូតបានមងជាង១ម៉ឺនម៉ែត្រ -សន្ទូចជាង៨ពាន់ផ្លែ -ទូក៣គ្រឿង -ក្បាលឆក់ចំនួន៤គ្រឿង-បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅតុលាការ- អប់រំ៩៨នាក់ - ធ្វើកិច្ចសន្យាបាន៣៤នាក់ - និងដកហូតឧបករណ៍ និងសម្ភារៈបម្រើឱ្យមធ្យោបាយបទល្មើសផ្សេងៗជាច្រើនទៀត យកមកបំផ្លាញចោល ។
សូមបញ្ជាក់ថា៖ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តមសរសុពុត្រាអភិបាលខេត្តបានឧបត្ថម្ភ ជាអង្ករ១៦០គីឡូក្រាម- ប្រេងសាំង១៨០លីត្រ-មី៣០កេស-អាវពោងសម្រាប់ពាក់ធ្វើល្បាតចំនួន២០អាវ- ថវិកា៣លានរៀល- និងសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគជាច្រើនមុខទៀត និងជូនថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ដល់ក្រុមឆ្មាំនិងប្រជាសហគមន៍ចំនួន៧០នាក់ ក្នុងម្នាក់ៗ៣ម៉ឺនរៀលបន្ថែម ៕