វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ០៩ ០៥ ២០២៥
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូនៃយើង នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។ ជាងនេះទៅទៀត បុណ្យវិសាខបូជា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិពា្វន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។
ព្រះភិក្ខុចក្ខុសំវរោ ណុំ វីរ៍ ឧទ្ទេសាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានសង្ឃដីកាក្នុងកម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជាថា បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹង និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ដអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។
ព្រះភិក្ខុចក្ខុសំវរោ មានសង្ឃដីកាបន្តថា នៅក្នុងថ្ងៃពិសាខបូជានេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំលឹកសរសើរ ការស្តាប់ធម្មទេសនា និង ការសាកសួរព្រះធម៌ សាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរ ព្រោះបាននូវអានិសង្សដែលកើតមកពីការធ្វើទាន រក្សាសីល ធ្វើសមាធិជាដើម។ ប៉ុន្តែអ្វីដែលប្រជាពុទ្ធបរិស័ទគួរបានទទួលផលប្រយោជន៍ ឱ្យកាន់តែពិសេសនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀត អំពីសារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្ត និង អនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនឱ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្តនោះផងដែរ។
«ការធ្វើបុណ្យវិសាខបូជា គឺជាឱកាសដែលពុទ្ធបរិស័ទជួបប្រជុំគ្នា កាលណាមនុស្សជុំគ្នា គឺអាចផ្សព្វផ្សាយគោលធម៌របស់ព្រះពុទ្ធទៅដល់មនុស្ស ការដែលមនុស្សទាំងអស់នោះបានយល់ជ្រួតជ្រាបនៅគោលធម៌ទាំងនោះហើយ បើគេតាំងចិត្តគោរពបដិបត្តិ គេនឹងកើតសេចក្ដីសុខចម្រើន បើជាសង្គម សង្គមនោះនឹងកើតមានសេចក្ដីសុខ ទោះជាយូរឬឆាប់យ៉ាងណាពិតជាមាន ឱ្យតែមនុស្សបដិបត្តិធម៌។ ដោយឡែកយុវជនដែលមើលរំលងពិធីទាំងអស់ផ្សេងៗរបស់ជាតិ ហើយមិនទាន់បានសិក្សាស្វែងយល់ឱ្យបានច្បាស់ លាស់ អំពីអត្តសញ្ញាណជាតិរបស់ខ្លួន ដោយអាត្មានិយាយនេះ គឺនិយាយក្នុងនាមជាតិខ្មែរ មិនមែននិយាយនៅក្នុងសាសនាណាទាំងអស់ គឺ និយាយចំពោះពិភពលោកទាំងមូល ការជ្រួតជ្រាបផ្សព្វផ្សាយគោលធម៌ព្រះពុទ្ធនេះ មានសារៈសំខាន់ណាស់ ប្រសិនបើមនុស្សយល់ជ្រួតជ្រាបអំពីព្រះពុទ្ធថរិកាឱ្យបានច្បាស់លាស់ ហើយតាំងចិត្តសិក្សាគោរព ប្រតិបត្តិព្រះពុទ្ធលោក អត់ប្រកាន់សាសនានោះទេ គឺប្រាកដជាកើតសុខសន្តិភាពនៅក្នុងពិភពលោក ផ្ទុយមកវិញបើយើងមិនបានសិក្សាប្រតិបត្តិត្រង់ចំណុចនេះទេ យើងនិងមិនបានសេចក្ដីសុខពិតប្រាកដនោះទេ។»
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានរៀបចំពិធីបុណ្យវិសាខបូជាយ៉ាងធឹកអធមនៅ
នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការសូត្រធមចម្រើនព្រះបរត្តិ និងរាប់បាត្រព្រះសង្ឃជាច្រើនអង្គផងដែរ។ បន្ថែមពីនេះទៀតនៅគ្រប់វត្តអារាមទំាងអស់នៅទូទំាងប្រទេសបានរៀបចំគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាតនៅក្នុងពិធីបុណ្យដ៏សំខាន់នេះ។
តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឱ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង៕