អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកស្រីសន សាវិន
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់ សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។ មិនតែប៉ុណ្ណោះ ពិធីបុណ្យវិសាខបូជា គឺជាព្រឹត្តិការណ៍សាសនាអន្តរជាតិដ៏ធំមួយ ដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជននិងប្រជាជនដែលមានជំនឿចំពោះព្រះពុទ្ធសាសនាជុំវិញពិភពលោក។រីឯប្រទេសកម្ពុជាវិញបានត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋព្រមទាំងត្រូវពុទ្ធបរិស័ទបាននាំគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះយ៉ាងអធិកអធម តាមវត្តអារាមនានានៅទូទាំង ប្រទេស ប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង។
តទៅនេះសូមលោកអ្នកនាងស្ដាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្ដីពី៖ពុទ្ធបរិស័ទបាននាំគ្នាប្រារព្ធពិធីបុណ្យវិសាខបូជាប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែងដូចតទៅ៖
ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
ពិធីបុណ្យវិសាខបូជាជាពិធីបុណ្យដ៏ធំបំផុតនិងមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃ ព្រះប្រសូត្រ ត្រាស់ដឹង និងថ្ងៃចូល បរិនិពាន្វ របស់ព្រះសមណគោត្តម ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដោយព្រឹត្តិការណ៍នេះ កើតឡើងនៅចំថ្ងៃពេញបូណ៌មី១៥កើត ខែពិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។អ្នកមីង ង៉ែត វណ្ណារ៉ា អាយុ៥១ឆ្នាំ ពុទ្ធបរិស័ទ មួយរូបបានឱ្យដឹងថា វិសាខបូជា គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលពុទ្ធបរិស័ទ អ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធឡើងនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនា ក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីរម្លឹកដល់ហេតុការណ៍សំខាន់ទាំង៣របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។អ្នកមីងបានបន្តថាកិច្ចបដិបត្តិជាច្រើន ដែលពុទ្ធបរិស័ទបានរួបរួមធ្វើឡើង ពិសេសសម្មាទានសីល ថ្វាយទានចំពោះព្រះសង្ឈ និងការបូជាប្រទីបជាដើម។នៅក្នុងកិច្ចប្រតិបត្តិប្រពៃណីសាសនាផ្សេងៗ ជាពិសេសសម្រាប់ពិធីបុណ្យវិសាខបូជា ចាស់ៗតែងបាននាំកូនចៅមកកាន់ទីវត្តអាមរាមនានា ដើម្បីសិក្សា និងឈ្វេងយល់ អំពីការប្រារព្ធឬអត្ថន័យនៃកិច្ចពិធីមួយៗ ឱ្យកូនចៅបានយល់ដឹង ដែលនឹងត្រូវបន្តវេននាពេលអនាគត់។
« នេះជាគឺព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលពុទ្ធបរិស័ទសាសនិកជនទាំងអស់ តែងតែប្រារព្ធ
នូវពិធីបុណ្យវិសាខបូជានេះ ក៏ដើម្បីរម្លឹកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងព្រះសាសនានៃយើង ជាថ្ងៃតែមួយគឺថ្ងៃ១៥កើតពេញបូណ៌មី ទាំងព្រះអង្គទ្រង់ប្រសូត ព្រះអង្គទ្រង់ត្រាស់ដឹង ព្រះអង្គបរិនិព្វាន្ត ថ្ងៃនិងខែដូចគ្នា គឺខុសតែឆ្នាំ។ ពុទ្ធបរិស័ទតែងតែចូលមកប្រារព្ធពិធីបុណ្យទាន នៅថ្ងៃវិសាខបូជា យើងតែងមានកិច្ចរៀបចំនូវគ្រឿងសក្ការៈ ផ្កាភ្ញី សព្វគ្រប់ប្រកាទាំងអស់យ៉ាងប្រណិតផ្ចិតផ្ចង់ដោយសាមគ្គីធម៌ គឺពុទ្ធបរិស័ទមកពីគ្រប់ទិសទី មករៀបចំនៅវត្ត ដើម្បីបូជានូវថ្ងៃ១៥កើតខែពិសាខនេះ»។
រីឯយុវជនសុខ ចន្ថា អាយុជាង២០ឆ្នាំ ក៏បានឱ្យដឹងថា៖ ដោយសារកាលនៅកុមារភាពប្អូនធ្លាប់បានឃើញជីដូន ជីតា ឪពុកម្តាយ ឬចាស់ៗនៅក្នុងភូមិ តែងគោរពប្រណិប័តន៍ប្រពៃណីព្រះពុទ្ធសាសនា ជាពិសេសពិធីបុណ្យវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយ រម្លឹកអំពីព្រឹត្តិការណ៍ចំនួន៣នៃសម័យពុទ្ធកាលនោះ ប្អូនតែងចងចាំជានិច្ចមិនភ្លេចឡើយ ចំពោះពិធីបុណ្យដ៏មានអត្ថន័យមួយនេះ និងបានចូលរួមគោរពតាមលំនាំរបស់ចាស់ព្រឹទ្ធាចារ្យ មិនដែលបោះបង់ឡើយ។ ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយ ប្អូនចន្ថា ប្តេជ្ញាបន្តថែរក្សាទំនៀមទម្លាប់ដ៏ល្អ របស់បុព្វបុរសដែលបានទុកមកមិនឱ្យបាត់បង់ឡើយ។
« នៅថ្ងៃពុធ ១៥កើតខែពិសាខ ជាទិវាមួយដែលពុទ្ធសាសនិក នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះ ដែលហៅថាវិសាខបូជា គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពុទ្ធសាសនិកជន។ ក្នុងនាមជាយុវជន និងក្នុងនាមជាពុទ្ធសាសនិកយើងទាំងអស់គ្នា ត្រូវតែឈ្វេងយល់អំពីបុណ្យរបស់ព្រះពុទ្ធសាសនា ក៏ដូចជាព្រឹត្តិការណ៍ធំៗក្នុងសម័យពុទ្ធកាល តួយ៉ាងដូចជាថ្ងៃវិសាខបូជានេះជាដើម ហើយថ្ងៃវិសាខបូជា សុំឱ្យយុវជនទាំងអស់គ្នា បានទៅវត្ត ដោយរៀបចំការស្លៀកពាក់ទៅតាមបែបបទប្រពៃណីខ្មែរ បានសមរម្យ យើងគោរពប្រតិបត្តិនូវទំនៀមទម្លាប់ដ៏ផូផង់របស់ខ្មែរតាំងពីដើមមក »។
ចំនែក បងស្រីសំរិត សុធា ក៏បានលើកឡើងស្រដៀងគ្នាដែរថា ក្នុងនាមយើងជាពុទ្ធសានិកតែងតែគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ថ្ងៃវិសាខ បូជាជាថ្ងៃដែលយើងត្រូវជំរះកាយចិត្តឱ្យជ្រះថ្លា ដើម្បីជាមហាកុសលសម្រាប់ខ្លួនរបស់យើង។
« ក្នុងនាមយើងជាពុទ្ធបរិស័ទ្ធរបស់សាសនាព្រះពុទ្ធ បុណ្យវិសាខបូជាជាថ្ងៃដ៏សំខាន់ ចឹងយើងត្រូវ សូត្រធម៌ថ្វាយបង្គំ គោរពប្រណិប័តន៍ រំលឹកគុណដល់ព្រះពុទ្ធដែលជាគ្រូដ៏អស្ចារ្យនៃ មនុស្សនិងទេវតា»។
ដោយឡែកអ៊ំស្រី សាវ៉ាង ដែលមានវ័យជិត៧០ឆ្នាំបាននិយាយថា តាមទម្លាប់ក្រុមគ្រួសាររបស់អ៊ំស្រី ដល់ថ្ងៃពិធីបុណ្យវិសាខបូជា តែងនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅពេលព្រឹក លុះពេលល្ងាចទើបចូលរួមពិធីបុណ្យវិសាខបូជា ដែលវត្តបានរៀបចំដឹកនាំពុទ្ធបរិស័ទគោរពប្រណិប័តន៍ ដើម្បីទទួលបានអានិសង្ឃរៀងៗខ្លួន។
«បន្ទាប់ពីប្រគេនចង្ហាន់ព្រះសង្ឃហើយម៉ោង៧ព្រឹក ក៏មានការហែរជុំវិញព្រះវិហារនិង
តាមភូមិ ដើម្បីបានបុណ្យហើយរំឮកដល់ព្រះពុទ្ធដែលយើងគោរពរាល់ថ្ងៃ។ ដល់រសៀលម៉ោង៣ឬ៤ ក៏ទៅ វត្តម្ដងទៀតដើម្បីបូជាប្រទីប បង្ហោះគោម ស្ដាប់លោកទេសនា រហូតដល់យប់បានត្រលប់មកផ្ទះវិញ»។
ព្រះភិក្ខុ ព្រហ្មជោត្តោវង្ស ពេញ គង់នៅវត្តកែវម៉ូលី ឃុំជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានមាន ថេរៈដីការថា បច្ចុប្បន្នការប្រារព្ធពិធីបុណ្យធំក្នុងពុទ្ធសាសនា គឺមានការ ចូលរួមច្រើនពីសំណាក់យុវវ័យយើង ដោយគាត់មានការយល់ដឹងច្រើនពីគុណតម្លៃរបស់សាសនា។
«តាមសង្កេតឃើញ មានការយកចិត្តទុកដាក់ច្រើន ដោយសារគាត់មានការយល់ដឹង ពី គុណតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ គុណតម្លៃរបស់ព្រះពុទ្ធសាសនា និងព្រះធម៌ ។ ថ្ងៃហ្នឹងមានការរៀប ចំគ្រឿងសក្ការៈទាំងឡាយ ហែរនៅតាមដងផ្លូវគឺមានពុទ្ធបរិស័ទ យុវវ័យក្មេងចាស់ប្រុសស្រី ជាច្រើនធ្វើជាក្បួនព្យុះធម្មយាត្រាដង្ហែហមអបអរសាទរនូវពិធីបុណ្យវិសាខបូជា ដែលញឹងសទ្ធាឱ្យ មានភាពជ្រះថ្លា មិនថាក្មេងមិនថាចាស់ ដល់ពេលឃើញសកម្មភាពទាំងអស់ ក៏យល់ដឹងថា ថ្ងៃនេះ ជាថ្ងៃរំឮកដល់ព្រះសម្មាសម្ពុទ្ធប្រសូត ត្រាស់ដឹង និង បរិនិពាន្ត »។
ព្រះភិក្ខុចក្ខុ សំវរោណុំ វីរ៍ ឧទ្ទេសាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានមានសង្ឃដីកាថា៖ ចំពោះការរៀបចំខ្លួនក្នុងថ្ងៃបុណ្យវិសាខបូជានេះវិញ ពុទ្ធបរិស័ទ ត្រូវតែធ្វើម្ហូបអាហារ ជូនឪពុកម្ដាយជីដូនជីតា និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ព្រមទាំងនាំ ភ្ជាប់ទៅជាមួយគ្រឿងសក្ការៈបូជាមានធូប ទៀនផ្កាភ្ញីជាដើម។ អ្វីដែលសំខាន់នោះគឺ ការតាំងចិត្តគោរពប្រណិប័តន៍ ដោយបញ្ញា
ញ្ញាណ។
«ក្រោយពេលប្រកាសវិសាខបូជាហើយ វេថ្វាយសក្ការៈបូជារួចរាល់ហើយ កុំអាលត្រលប់មកផ្ទះវិញ នៅស្ដាប់លោកទេសនាសិន ប្រសិនបើនាំគ្នាត្រលប់មកផ្ទះអស់នៅសល់តែ យាយជីខ្លះ ព្រះសង្ឃខ្លះ នាំគ្នាស្មូត មិនដឹងថាស្មូតឱ្យអ្នកណាស្ដាប់ទេ មានតែព្រះស៊ីម៉ង មិនចេះស្ដាប់ទេក៏ប៉ុន្តែគោលដៅមាគ៌ាជីវិត របស់ពុទ្ធបរិស័ទមានតែមួយប៉ុណ្ណោះ នោះគឺសេចក្ដីសុខ ស្ងប់ ហៅថា សន្តិបុរមសុខ គឺព្រះនិពាន្វ។
ជាធម្មតាក្នុងថ្ងៃវិសាខបូជា ប្រជាពុទ្ធសាសនិកតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយគ្រឿងសក្ការៈបូជាមានទៀនធូប ផ្កាភ្ញី និងការសូត្រធម៌រំឭកសរសើរ ការស្តាប់ធម្មទេសនាជាដើម។កិច្ចការទាំងនេះត្រូវបានពុទ្ធសាសនិកជឿថាជាមហាកុសលដ៏ថ្លៃថ្លានិងទទួលបាន នូវអានិសង្ស ដែលកើតមកពីការធ្វើបុណ្យ ធ្វើទាន និងរក្សាសីលជាដើម។ បុណ្យវិសាខបូជាក៏ត្រូវបានអង្គការសហប្រជាជាតិ កំណត់ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជា
សាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយនិងកំពុងបន្តនូវឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត៕