វិទ្យុជាតិកម្ពុជា៖ដោយ ចន ណារិទ្ធ
ភ្នំពេញ៖សំរាប់រាត្រីថ្ងៃអាទិត្យទី១១ ឧសភានេះ នៅលើផ្លូវថ្មើរជើង(Walk Street)អ្វីដែលជាការកត់ សម្គាល់ មានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលឹតកម្មហង្សមាសនិងការសម្ដែងល្ខោនខោល រឿង រាមកេរ្តិ៍ ( ដកស្រង់ត្រង់ឈុត ចម្បាំងវៃរាពណ៍ ) សម្តែងដោយសិល្បករ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅមុខវត្តឧណ្ណា
លោមខណ្ឌដូនពេញ បន្ថែមការទាក់ទាញអ្នកដើរកម្សាន្តមកទស្សនាយ៉ាងច្រើន។
បើតាមលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ សំរាប់សប្តាហ៍នេះ នៅលើផ្លូវថ្មើរជើង(Walk Street)អ្វីដែលថ្មីគឺនៅរាត្រីថ្ងៃអាទិត្យទី១១ ឧសភានេះ មានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលឹតកម្មហង្សមាសនិងមានការសម្ដែងល្ខោនខោល រឿង រាមកេរ្តិ៍ ( ដកស្រង់ត្រង់ឈុត ចម្បាំងវៃរាពណ៍ ) សម្តែងដោយសិល្បករ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ។
ផ្លូវថ្មើរជើង (Walk Street)គិតមកដល់ថ្ងៃទី១១ឧសភានេះមានអាយុ១៣សប្តាហ៏ហើយនិងមានរយៈពេលជាង៣ខែមកហើយដែរ ដោយទទួលបានការពេញនិយមពីប្រជាពលរដ្ឋកម្ពុជានិងទេសចរបរទេសមកកម្សាន្ត និងរាំលេងកាន់តែច្រើនឡើងបើទោះបីខែនេះ មានភ្លៀងរលឹមខ្លះក្ដី
ហើយមានប្រជាប្រិយ៏ភាពយ៉ាងខ្លាំងពីមួយសប្តាហ៏ទៅមួយសប្តាហ៏រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាញឹកញាប់ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ឆ្លងតាមរយៈប្រជាប្រិយ៏ភាពយ៉ាងខ្លាំងនៃផ្លូវថ្មើរជើង (Walk Street) នេះដែរ បានធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី »៕