វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៥ ២៥
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនក្នុងប្រទេសស្វីសកាលពីថ្ងៃសៅរ៍ គឺបានដំណើរការយ៉ាងល្អ ហើយទីក្រុងវ៉ាស៊ីនតោនមានសុទិដ្ឋិនិយមក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន Tass។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNN ថា "ពួកគេស្ថិតនៅក្នុងបន្ទប់ពិភាក្សា ខ្ញុំគិតថា យើងមានសុទិដ្ឋិនិយមថាអ្វីៗនឹងដំណើរការ ទៅបានដោយសុវត្ថិភាព" ។ទោះជាយ៉ាងណា លោកបដិសេធមិនបញ្ជាក់លម្អិតនោះទេ។ លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessant បានជួបពិភាក្សាពីរជុំនៅទីក្រុងហ្សឺណែវកាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយភាពតានតឹង បន្ទាប់ពីការដំឡើងពន្ធគយទៅវិញទៅមក។ ការចរចាររវាងប្រទេសទាំងពីរគឺបានបន្តនៅថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការដាក់ពន្ធគយលើផលិតផលពីប្រទេស និងដែនដីចំនួន ១៨៥។ គួរបញ្ចាក់ថា ពន្ធសរុបរបស់សហរដ្ឋអាមេរិកលើទំនិញពីប្រទេសចិនចំនួន ១៤៥% ។ ប្រទេសចិនបានឆ្លើយតបដោយការដំឡើងពន្ធលើទំនិញអាមេរិកដល់ ១២៥% ចាប់ពីតាំងពីថ្ងៃទី១២ ខែមេសា៕