វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
MC.ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបាន បញ្ចប់ការជួសជុលរចនាសម្ព័ន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ និងគ្រោងដាក់ឱ្យភ្ញៀវទេសចរ ចូលទស្សនាឡើងវិញនៅពេលខាងមុខ។
លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ព័ន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។
រចនាសម្ព័ន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឫសចូលសំណង់។
លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ព័ន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកហើយ។ ទី១ គឺរចនាសម្ព័ន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២រចនាសម្ព័ន្ធទបង្ហូរទឹកនៅទិសខាងជើង។
សំឡេង៖ជណ្តើរនិងទបង្ហូរទឹកនេះពីមុនគឹមានការស្រុតធ្លាក់ ដែលធ្វើឱ្យគ្មានលំនឹង ដែលមកកត្តាធម្មជាតិផង និងកត្តាគ្រឹះ និងអាយុកាលផង នេះហើយជាហេតុផលដែលយើងធ្វើការងារជួសជុលឡើងវិញ ក្រោយពីការពង្រឹងរួចហើយ ឃើញថាសោភ័ណភាព និងភាពរឹងមាំ ឃើញថាល្អប្រសើរជាមុន និងមានភាពទាក់ទាញ។
ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ព័ន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ព័ន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរទៅទស្សនាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទនាគព័ន្ធ៕