វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៥ ២០២៥
រដ្ឋសភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នេះ បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន តាមរយៈបន្តអភិវឌ្ឍន៍វិស័យសុខាភិបាល និងការធានាឱ្យប្រជាជនគ្រប់រូបរស់នៅ ប្រកបដោយសុខុមាលភាព សុវត្ថិភាពនិងសុខភាពល្អ ក្នុងនោះការការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីហានិភ័យ នៃការរាតត្បាតពីជំងឺឆ្លងកាចសាហាវ ក៏ដូចជាជំងឺមិនឆ្លង។
ថ្លែងក្នុងសិក្ខាសាលាសភា ស្តីពី«ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០ ដែលផ្តោតលើការពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងការអភិវឌ្ឍ» នៅថ្ងៃទី១២ ខែឧសភានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានជំរុញការបង្កើនសកម្មភាពអប់រំសុខភាព ក្នុងគោលបំណងកាត់បន្ថយគ្រោះអាសន្នសុខភាពសាធារណៈ ដែលបណ្តាលមកពីចំណីអាហារគ្មានសុវត្ថិភាព។ លើសពីនេះ រដ្ឋសភាកម្ពុជា ក៏បានជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទាំសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល ជាដើម។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០លានដុល្លារអាម៉េរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល ឱ្យបានទូលំ ទូលាយទូទាំងរាជធានីខេត្ត។ រហូតមកដល់ពេលនេះ ប្រជាជនមានបណ្ណសមធម៌មានចំនួនប្រមាណ៤លាននាក់ ដែលស្មើនឹង៣០,០៧ភាគរយ និងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) មាន១៩,៣៦ភាគរយ ក្នុងនោះកម្មករ និយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រុមគ្រួសារ មានជាង២លាន៧៦ម៉ឺននាក់ និងមន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានជាង៤៦ម៉ឺននាក់ ហើយការចំណាយលើរបបសន្តិសុខសង្គមមានចំនួនប្រមាណ៥៧៤ លានដុល្លារអាម៉េរិក និងប្រព័ន្ធគាំពារសង្គមប្រមាណ២៨៥លានដុល្លារអាម៉េរិក។
សម្តេចប្រធានរដ្ឋសភា លើកទឹកដល់ក្រសួងផែនការ និងគណៈកម្មាធិការពិសេស យកចិត្តទុកដាក់ដល់ការប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនជាប្រចាំ ដើម្បីជាមូលដ្ឋាន សម្រាប់ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ការតាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពគោលនយោបាយ និងកម្មវិធីនានា។ សម្តេចប្រធានរដ្ឋសភា លើកឡើងថា ទិន្នន័យស្ថិតិអាចជួយដល់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដឹងពីបម្រែបម្រួលប្រជាសាស្ត្រ តម្រូវការធនធាន និងផលប៉ះពាល់ គោលនយោបាយ និងអន្តរាគមន៍នានា ដែលនាំមកនូវលទ្ធផលនៃការអភិវឌ្ឍមានប្រសិទ្ធភាព និងសមធម៌។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ក្នុងគោលដៅសម្រេចបាននូវសូន្យបី ដែលទី១. បញ្ចប់តម្រូវការដែលមិនបានឆ្លើយតបអំពីព័ត៌មាន និងសេវាផែនការគ្រួសារ, ទី២. បញ្ចប់មរណភាពមាតាដែលអាចបង្ការបាន, និងទី៣. បញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់នានា រួមទាំងការលុបបំបាត់គ្រប់ទម្រង់នៃការរើសអើងចំពោះស្រ្តី និងក្មេងស្រី៕