ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៥ ២០២៥

ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកណ្តាលស្តីពី ការទប់ស្កាត់ និង កាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងពិធីប្រគល់រថយន្តដឹកសំរាមជូនមន្ទីររាជធានី ខេត្ត នាពេលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជាការឆ្លុះបញ្ចាំងពីឆន្ទៈ នយោបាយដ៏មុតមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការ ទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ ធានាគុណភាពទឹក លើកកម្ពស់និងការពារសុខភាព សាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការអនុវត្តនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងនាមជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ការចុះអនុស្សរណៈយោគយល់គ្នា(MoU)ថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ច សហប្រតិបត្តិការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន ដើម្បីការពារកុំឱ្យតំបន់ទឹកសាធារណៈ មានការបំពុលពីវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីធ្លាប់បានផ្តល់អនុសាសន៍ ណែនាំហើយថា ក្រសួងនិងអាជ្ញាធរត្រូវយកចិត្តទុកដាក់ ហើយចំពោះរោងចក្រណាដែលបានបំពាន គឺមិនមានការពន្យារពេលនោះទេ ក្រសួង អាជ្ញាធរត្រូវណែនាំឱ្យរោងចក្រ សហគ្រាសរៀបចំប្រព័ន្ធត្រួត ពិនិត្យគុណភាពទឹក មុនការធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញទៅទីសាធារណៈ។ 

ជាក់ស្តែងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នយើង មានបទដ្ឋានគតិយុត្ត និងច្បាប់ ក្រមបរិស្ថាននិងធនធានធម្មជាតិ សារាចរណែនាំ សេចក្តីជូនដំណឹង (សជណ)គ្រប់ទាំងអស់ រួមនឹងការអនុវត្តរបស់ក្រសួងផង គួបផ្សំនឹងការចូលរួមប្តេជ្ញាខ្ពស់ពីអាជ្ញាធរទៀត នោះកម្ពុជានឹងទទួលបានភាពស្អាត ដោយគ្មានការបំពុលពីវិស័យឧស្សាហកម្មឡើយ។ បើទោះបីថា ការបំពុលបរិស្ថានមិនមែនមានតែវិស័យឧស្សាហកម្ម១ប៉ុណ្ណោះ គឺនៅមានវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យគីមី វិស័យថាមពល និងវិស័យកសិកម្មជាដើម។ 

ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងលុបបំបាត់ការបំពុលដែលបណ្តាលមកពីសំណល់រាវ ទឹកកខ្វក់ពីរោងចក្រ សហគ្រាស មូលដ្ឋានសុខាភិបាល និងប្រភពផ្សេងៗទៀត ដែលមិនបានឆ្លងកាត់ការប្រព្រឹត្តិកម្មត្រឹមត្រូវ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់គុណភាពទឹក និងសុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ ដល់ជីវៈចម្រុះ សោភណភាព និងសក្តានុពលទេសចរណ៍ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ចំពោះកិច្ចខិតខំ ប្រឹងប្រែង និងបានជូនពរឱ្យពិធីចុះហត្ថលេខាទទួលបានជោគជ័យ។

សូមជម្រាបជូនថា ខេត្តកណ្តាលមានរោងចក្រ សហគ្រាសប្រមាណជាង ៣០០រោងចក្រ សហគ្រាស និងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យប្រវត្តិប្រមាណជាង ២០រោងចក្រ សហគ្រាស សម្រាប់ការត្រួត  ពិនិត្យគុណភាពទឹកមុននឹងបង្ហូរចេញទៅតំបន់សាធារណៈ៕