បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង

Chuon Bona | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកគឹម ហឿន

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

         ស្ថិតក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលធ្វើឱ្យសីតុណ្ហភាពមានការកើនឡើង  ក៍ដូចជានៅរដូវវស្សាមានភ្លៀងធ្លាក់មកដល់ផងនោះ   មន្ត្រីជំនាញសុខាភិបាលខេត្តស្ទឹងត្រែងបានផ្ញើសារអប់រំស្តីពីការថែទាំសុខភាពបឋម ឱ្យប្រជាពលរដ្ឋរួមគ្នាលើកកម្ពស់អនាម័យក្នុងការរស់នៅស្អាតដោយលាងទឹកឱ្យបានស្អាត នូវ បន្លែបង្ការ ត្រីសាច់ មុននឹងយកទៅចម្អិនអាហារ ដើម្បីចៀសវាង ពីការកើតជំងឺឆ្លងផ្សេងៗ។ 

    ប្រធានអន្តរាគមន៍ប្រយុទ្ធនិងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង  បានផ្ញើសារអប់រំស្តីពីការថែទាំសុខភាពបឋមដល់ប្រជាពលរដ្ឋ ឱ្យចេះរស់នៅស្អាត មានអនាម័យល្អ ដើម្បីធានាបាននូវសុខភាពល្អ។លោកវេជ្ជបណ្ឌិតទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានអន្តរាគមន៍ប្រយុទ្ធនិងជំងឺឆ្លងនៅខេត្តស្ទឹងត្រែងបាន មានប្រសាសន៍ថា៖ ការធ្វើអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃគឺអាចបញ្ចៀសនូវជំងឺឆ្លងផ្សេងៗ ដូចជាគ្រុនក្តៅ រលាកបំពង់ក ឈឺពោះរាកក្អួត ជាពិសេសការកើតឡើងពីការពុលចំណីអាហារនៅតាមគ្រួសារនិមួយៗនិងសហគមន៍ជាដើម។ លោកវេជ្ជបណ្ឌិត

បានពន្យល់ថា៖នៅក្នុងពេលអាកាសធាតុឡើងកម្តៅ ចំណីអាហារមួយចំនួនងាយនិងរងការខូចគុណភាព ក្នុងពេលដែលយើងខ្វះការថែរក្សា ហើយទុកដាក់មិនបានត្រឹមត្រូវ ដូចនេះចូរបងប្អូនប្រជាពលរដ្ឋរួមគ្នាគិត រួមគ្នាធ្វើពីការថែទាំសុខភាពរស់នៅឱ្យបានល្អប្រសើរ។

សំឡេងទី១«បន្លែជូនកាលនៅតាមសហគមន៍បងប្អូនប្រជាពលរដ្ឋ លោកប្រើប្រាស់ថ្នាំ បង្ការការពារសត្វល្អិត ដល់ពេលយើងយកមកទទួលទានគឺ យើងមិនបានលាងស្អាត ធ្វើឲ្យការបរិភោគរបស់យើង  បណ្ដាលឲ្យកើតមានជំងឺរាករូស ហើយ ជំរុញឲ្យបងប្អូនធ្វើម៉េច ការបរិភោគអាហារជាពិសេស បន្លែផ្លែឈើនេះត្រូវលាងឲ្យស្អាតមុនបរិភោគ ហើយត្រីសាច់ត្រូវចំម្អិនឱ្យឆ្អិន  មុននឹងបរិភោគហើយត្រូវលាងទុកដាក់ ឱ្យមានអនាម័យខ្ពស់ ដើម្បីជៀសផុតអំពី ការឆ្លងជំងឺផ្សេងៗ»។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តទៀតថា៖ជាមួយគ្នានេះដែរចំពោះការប្រើប្រាស់ទឹកបងប្អូនប្រជាពលរដ្ឋអាចយកទឹកមកដាំឱ្យពុះ ឬអាចដាក់ក្នុងធុងចម្រោះ ដើម្បីធ្វើឲ្យទឹកថ្លាស្អាត ទើបយកមកប្រើប្រាស់ឬបរិភោគ។

សំឡេងទី២«ហើយចំណុច មួយទៀត គឺយើងអាចប្រើគ្រាប់ថ្នាំក្លរមីនដាក់ទឹក ដើម្បីយកទឹកទាំងអស់នោះមកលាង បន្លែផ្លែឈើ  ដើម្បីយកមកបរិភោគចៀសវាង មានការបង្ករោគផ្សេងៗផងដែរ »។

លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖នេះជាកិច្ចការរួម

គ្នា  ចំណែកមន្ត្រីជំនាញខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្រៀនកសិករឱ្យផលិតបន្លែសរីរាង្គឱ្យបានច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ ដើម្បីធ្វើឱ្យបន្លែផលិតនៅក្នុងស្រុកមានភាពសម្បូរបែបនិងមានសុវត្ថិភាព។

សំឡេងទី៣«សម្រាប់ជាគោលការណ៍របស់មន្ទីរគឺណែនាំកសិករឲ្យផលិតជាលក្ខណៈបន្លែសុវត្ថិភាព  ការប្រើប្រាស់នូវជីធម្មជាតិច្រើនជាងជីកសិកម្មដែលគាត់ទិញយកមកប្រើប្រាស់ នេះជាគោលការណ៍ជាអ្វីដែលយើងបានណែនាំទៅដល់បងប្អូនប្រជាកសិកររបស់យើង »។

លោកបន្តថា៖ជាមួយគោលការណ៍នេះយើងបានជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើតជាសួនបន្លែដាំដុះសម្រាប់បរិភោគជាលក្ខណៈគ្រួសារ ក្រៅពីនោះបងប្អូនអាជីវករដែលនាំចូលបន្លែមកលក់ក៏ត្រូវគិតពីគុណភាពដើម្បីអតិថិជនទិញទៅបរិភោគមិនបង្កផលប៉ះពាល់ដល់សុខភាព។

សំឡេងទី៤«ជារួមសម្រាប់អាជីវករដែលហៅថាឈ្មួញកណ្ដាល  ដែលនាំបន្លែចូលមកនេះសូមគិតគូរពីសុវត្ថិភាព  គិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅ  កុំគិតពីប្រាក់ចំណេញធំពេក  បើសិនជាបងប្អូនបានប្រាក់ចំណេញតែវាប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ  ដែលទទួលទាននេះក៏មិនល្អដែរ   ដូច្នេះយើងគួរតែស្វែងយល់រួមគ្នាដើម្បីសង្គមជាតិយើងទាំងអស់គ្នា»។

លោកជុំ ចែម កសិករគំរូនៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងបានបញ្ជាក់ថា៖ចំណុចនេះកសិករពិតជាចង់បាន ព្រោះបច្ចុប្បន្នពួកគាត់ខិតខំរួមគ្នាដាំបន្លែ ដូចជាត្រប់ , ម្ទេស, ននោង,ស្ពៃ -ត្រឡាច ល្ពៅ ,ល្ហុង. ត្រសក់ ព្រមទាំងដំណាំឈើហូបផ្លែផ្សេងៗទៀត ។ លោកបន្តថា៖ការដាំដុះបន្លែ គឺឈលើការឧស្សាហ៍ព្យាយាម  និងដាំដុះអនុវត្តតាមបច្ចេកទេសកសិកម្ម  ទើបធ្វើឱ្យការផលិតបន្លែទទួលបានផលល្អទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ។

សំឡេងទី៥«ការប្រមូលផលបន្លែសរីរាង្គចាប់ពីការប្រមូលផលមកខ្ញុំកាត់បន្ថយការប្រើថ្នាំគីមីដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ  ការប្រមូលផលនេះ យើងកាត់បន្ថយ ថ្នាំគីមីយើងជំនួសមកការបាញ់ M,150 ផ្លែដើម  ដងល្អ   ផ្លែមានរសជាតិផ្អែម ស្រួយឆ្ងាញ់  ហើយ ត្រសក់យើងអាចប្រមូលផល បានទិន្នផលខ្ពស់  ជាងអ្នកអត់ប្រើ M 150.»។

រីឯ លោកស្រីញែម ដាឡែន កំពុងឈរលក់បន្លែគ្រប់មុខជូនអតិថិជននៅផ្សារសាមគ្កីស្ទឹងត្រែងបានបញ្ជាក់ដែរថា៖បន្លែដែលកសិករផលិតបាននៅខេត្តស្ទឹងត្រែង អតិថិជននិយមទិញយកទៅបរិភោគច្រើនជាងបន្លែនាំចូល ដោយសារពលរដ្ឋយើង បច្ចុប្បន្នបានយល់ដឹងច្រើនពីបញ្ហាគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្តាលមកពីការបរិភោគបន្លែមិនល្អ។ លោកស្រីទទួលស្គាល់ថា បន្លែមានកាកសំណល់កសិកម្មច្រើនហួសកម្រិតវាបង្កផលប៉ះពាល់ដល់សុខភាព ប៉ុន្តែបច្ចុប្បបន្លែដែលនាំចូលមានចំនួនតិច ចំណែកបន្លែក្នុងស្រុកមានច្រើនមុខ។

សំឡេងទី៦«មានស្ពៃក្ដោប ស្ពៃបូកគោ ការរ៉ុត ឆៃថៅ ត្រាវ ម្នាស់ និងននោង និយាយទៅមានសឹងគ្រប់មុខ»។

   ដោយឡែកលោកស្រីសុខា លីនអាយុ៣៩ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិព្រែកសង្កាត់ស្ទឹងត្រែងមានមុខរបរជាមេផ្ទះ បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពក្នុងគ្រួសារ តាមការអប់រំដែលមន្ត្រីសុខាភិបាលបានណែនាំ  ហើយមុននិងចំអិនម្ហូបអាហារ មិនថាបន្លែ ត្រីសាច់ ផ្លែឈើ ត្រូវបានលាងសម្អាតយ៉ាងត្រឹមត្រូវ។

សំឡេងទី៧«ទៅដល់ត្រាំសិនហើយលាងហើយទើបបានចិត ចិតហើយលាងមួយទឹកទៀត  លាងទឹកទីមួយហើយទី២ទើបយើងលាងទឹកអំបិល» ។                              

លោកហាក់ សុរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថា(ក.ប.ប)ខេត្តស្ទឹងត្រែងបានគាំទ្រដល់ការយល់ដឹងបែបនេះ ព្រោះបច្ចុប្បន្នមន្ត្រី ក ប បបានប្រឹងប្រែងចុះធ្វើការត្រួតពិនិត្យទំនិញដើម្បីទប់ស្កាត់ផលិផលក្លែងបន្លំ និងជួយពន្យល់ដល់អ្នកទិញឱ្យចេះមើលកាលបរិច្ឆេទប្រើប្រាស់ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពរស់នៅទាំងអស់គ្នា។

   លោកអ្នកនាងស្ដាប់ជាទីមេត្រី!  

សុខភាពជាកត្តាចម្បងទីមួយក្នុងជីវិតរស់នៅទាំងអស់គ្នា ហើយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល តែងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យស្វែងយល់ពីគន្លឹះសំខាន់ៗក្នុងការថែរក្សាសុខភាព។មន្ត្រីជំនាញសុខាភិបាល បានលើកឡើងថា «ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត» នៅតែជាវិធានការដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការបង្ការការឆ្លងមេរោគផ្សេងៗ ពិសេសជំងឺរាករូស និងការពុលចំណីអាហារ។ ការរស់នៅស្អាតត្រូវរស់នៅប្រកបដោយអនាម័យបរិស្ថានស្អាតកន្លែងការងារនិងលំនៅដ្ឋានត្រូវស្អាតមិនមានធូលីផ្សែងឬទឹកស្អុយក្លិនអាក្រក់និងឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូនិងទឹកឬអាកុលឱ្យបានស្អាត។លើសពីនេះត្រូវហូបស្អាតត្រូវបរិភោគចំណីអាហារណាដែលមានអនាម័យលាងសំអាតអាហារចម្អិន និងគ្របទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងផឹកស្អាតត្រូវបរិភោគទឹកដែលគ្មានមេរោគ ដូចជាទឹកដាំពុះ និងទឹកបរិសុទ្ធដែលមានការផលិតតាមស្តង់ដាខ្ពស់៕

បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង
បទយកការណ៍៖ការរស់នៅចេះធ្វើអនាម័យជាយុទ្ធសាស្ត្ររួមគ្នាប្រយុទ្ធនិងជំងឺឆ្លង