វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ១៣ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលណាមួយកើតឡើងទេ ព្រលានយន្តហោះពោធិ៍ចិនតុង ឬអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទលែងឲ្យដំណើរការនៅវេលាម៉ោង០០៖០០នាទីរំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថាបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភាថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធបានគ្រោងទុកក្នុងការដាក់ឲ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ដែលស្ថិតនៅខេត្តកណ្តាលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ក្នុងលក្ខខណ្ឌប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ តែអ្វីៗគឺអាស្រ័យទៅលើលទ្ធផលនៃការពិនិត្យវាយតម្លៃ និងសវនកម្មលើកទី២ដែលនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ឬដើមខែមិថុនាឆ្នាំ២០២៥នេះ ។
ឯកឧត្តមបន្តថា ដូចអ្វីដែលបានរៀបរាប់ខាងលើបើគ្មានការប្រែប្រួល ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការនៅម៉ោង០០:00 យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ហើយប្រតិបត្តិការទាំងអស់ នឹងត្រូវរុះរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោតាមការគ្រោងទុក។
ឯកឧត្តមបន្ថែមថា ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះពោធិ៍ចិនតុងគឺជាជើងហោះហើរ Korean Air។
“អីចឹងអ្វីៗខ្ញុំតែងតែនិយាយថា បើសិនគ្មានអ្វីប្រែប្រួលទេនេះទី១ ។ ទី២ បើយកថ្ងៃ១០កើតឡើងមែន គឺយើងយកថ្ងៃ៩ (កក្កដា)ម៉ោង០០ឈានចូលថ្ងៃ១០ហ្នឹងគឺជាថ្ងៃកំណត់បិទព្រលានចាស់ ចូលព្រលានថ្មី ប៉ុន្តែអ្វីៗរង់ចាំចម្លើយរហូតដល់ដំណាច់ខែប្រាំនេះសិន”។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ចាប់ផ្តើមកសាងជាលើកដំបូងដោយប្រទេសបារាំងនៅឆ្នាំ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ។ ប៉ុន្តែ ដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរ អាកាសយានដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCAរបស់បារាំង ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាពទទួលអ្នកដំណើរបាន៥លាននាក់ក្នុង១ឆ្នាំៗ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣៕