សមាគមសហគ្រាសធុនតូច និងមធ្យម ២នៅកម្ពុជា ចង់ប្រែក្លាយវត្ថុធាតុដើមក្នុងស្រុក ទៅជាផលិតផលសម្រេច សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ក្នុងខេត្តភូមិភាគឦសាន

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៣ ០៥ ២០២៥)

ភ្នំពេញ៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) កំពុងស្វែងរកកាលានុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្តទាំងនោះ សម្រាប់ផលិត និងកែច្នៃ ផលិតផលក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលសម្រេច សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ។   

ការបង្ហាញបំណងរបស់សមាគមសហគ្រាសធុនតូច និងមធ្យមទាំង២ ក្នុងការប្រែក្លាយវត្ថុធាតុដើម ឱ្យក្លាយជាផលិតផលសម្រេចខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល។
   ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សភាចារ្យ បានគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមការងារជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់ គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន និងផ្តល់ការប្រឹក្សាយោបល់ អំពីកម្មវិធីពិសេសដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗ របស់ម្ចាស់គម្រោងបន្ថែម លើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និងការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្តការងារ។

ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៥ ឆ្នាំ នៃការបង្កើតសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យឧស្សាហកម្ម ក្នុងការ ជួយស្តារ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន និងចូលរួមចំណែកផ្សព្វផ្សាយអំពី “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” និងគ្រោងស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្ត ទាំងបួន ផលិត និងកែច្នៃផលិតផលក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលសម្រេច សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យសមាគម បន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីសិក្សាស៊ីជម្រៅអំពីទីតាំងសក្តានុពលកាលានុវត្តភាពវិនិយោគ និងដំណោះ ស្រាយបញ្ហានានា សម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន រួមទាំងចូលរួមផ្សព្វផ្សាយទៅកាន់វិនិយោគិនក្នុងស្រុក និងបរទេស និងបានផ្តល់ អនុសាសន៍ណែនាំលេខាធិការដ្ឋានក្រុមការងារ ឱ្យសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ ក្នុង ផ្តល់ព័ត៌មានជូនសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ព្រមទាំង វិនិយោគិន ផ្សេងទៀត ដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅភូមិភាគឦសាន៕