វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី១៣ ឧសភាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែង បានជំរុញឲ្យគ្រប់និយោជកលើកកម្ពស់អភិបាលកិច្ចលើវិស័យការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមានការសម្រេចចិត្តចូលរួមពីគ្រប់អ្នកពាក់ព័ន្ធហើយអនុវត្តតាមគោលការណ៍ណែនាំដែលមានក្នុងលិខិតបទដ្ឋានកិត្តិយុទ្ធជាធរមានដើម្បីជីវភាពកម្មករ ។
មានប្រសាសន៍នៅក្នុងពិធីប្រារព្វខួបលើកទី១៣៩ទិវាពលកម្មអន្តរជាតិ នៅខេត្តស្ទឹងត្រែងថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៥ឯកឧត្តមសរសុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់ បានបញ្ជាក់ឲ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យការងារ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖នៅពេលកិច្ចការងារទទួលបានការអភិវឌ្ឍពិតជាធ្វើឱ្យប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស បុគ្គលិក កម្មករ និយោជិត និងនិយោជក ចូលរួមអនុវត្តដើម្បីបង្កើន វប្បធម៌អនុលោមភាពស្របច្បាប់ និងការទទួលខុសត្រូវផ្នែកសង្គម ធ្វើឱ្យមានកំណើនការងារ។
(សំឡេង) គឺដើម្បីធ្វើយ៉ាងណាឱ្យកំណើនការងាររបស់យើង ប្រជាជនរបស់យើងត្រូវតែស្រូបយកការងារដែលមាននៅក្នុងប្រទេស មាននៅក្នុងខេត្ត មាននៅក្នុងក្រុងស្រុករបស់យើង ឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រីកជីវភាព គ្រួសាររបស់យើង។
លោកប៊ួ ភិរុនប្រធានមន្ទីរការងារ
បណ្តុះបណ្តាលនិងវិជ្ជាជីវៈខេត្តបានបញ្ជាក់ថា៖ រដ្ឋបាលខេត្តស្ទឹងត្រែងក៍ដូចជាស្ថាប័នពាក់ព័ន្ធនិងម្ចាស់សហគ្រាសក្រុមហ៊ុនតែងបានបំពេញកាតព្វកិច្ចការងារ និងបង្កើនការលើកស្ទួយជីវភាពជូនកម្មករកំពុងធ្វើការនៅតាមក្រុមហ៊ុននឹងសហគ្រាសនិមួយៗឱ្យល្អប្រសើរ ព្រោះកម្មករជាកម្លាំងចលករមួយជំរុញការងារ របស់ក្រុមហ៊ុនឱ្យរីចម្រើន។
លោកស្រី ឌីសៀរ អាយុ ៣៩ ឆ្នាំ មកពីភូមិ ឃុំ ច្រាច់ ស្រុកជ័យសែនខេត្តព្រះវិហារ កម្មករចំការចេកនៅស្រុកបុរីអូរស្វាយសែនជ័យ បានសាទរដល់រាជរដ្ឋាភិបាលដែឡបានគិតគូដល់ជីវភាពរស់នៅរបស់កម្មករយើង ។
លោកស្រីបន្តថា៖ជាមួយគ្នានេះស្នើសុំនិយោជក ជួយផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានទៀងទាត់ពេលវេលាផង ព្រោះកម្មករធ្វើការងារ ត្រូវការប្រាក់សម្រាប់ដោះស្រាយចិញ្ចឹមជីវភាពគ្រប់យ៉ាង និងបានឱ្យកូនទៅរៀនសូត្រកុំឱ្យខកខាន។
សូមបញ្ជាក់ថា៖គិតមកដល់ដើមឆ្នាំ២០២៥នេះខេត្តស្ទឹងត្រែងមានសហគ្រាសគ្រឹះស្ថានសរុបចំនួន១៤៨សហគ្រាសដែលមានកម្មករនិយោជិតសរុប៤.៥៤៥ស្រី១.៨១៦នាក់ក្នុងនោះមានជនបរទេស២៧៦នាក់ស្រី៣៥នាក់ និងមានកម្មករធ្វើប័ណ្ណ ប ស ស បានចំនួនជាង៥០០០នាក់៕
គឹម ហឿនស្ទឹងត្រែង ១៣/ ០៥/ ២០២៥