វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា និងរូបភាព១៤ ០៥ ២៥
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជា នាំទៅលក់នៅក្រៅប្រទេស។
ក្រោយបញ្ចប់ជំនួបសម្តែងការគួរសមរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក Akira DODATE នាយកប្រតិបត្តិនៃការិយាល័យសហបង្កើតអាជីវកម្មថ្នាក់តំបន់ នៃក្រុមហ៊ុនសាជីវកម្មទេសចរណ៍តូក្យូនិងប្រតិភូ នាព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណប្រតិភូជប៉ុន ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យកសិកម្ម។
សម្ដេចតេជោរំពឹងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជានាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើតសហប្រតិបត្តិការ និងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីទាញ យកនូវផលប្រយោជន៍តាមរយៈការវិនិយោគនៅក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជាឱ្យអស់ពីសក្ដានុពល
លោក Akira DODATE បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូ បានជួបសម្ដែងការគួរសម ហើយលោកក៏បានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកក៏បានរំលេចអំពីសក្ដានុពលកសិកម្មនៅក្នុងប្រទេសជប៉ុន ដែលកម្ពុជាអាចធ្វើកិច្ចសហប្រតិបត្តិការ និងអាចរៀនសូត្របាន ដោយលោកបានលើកឡើងថា ជប៉ុនបានធ្វើកសិកម្មតាមបែបឆ្លាតវៃ ពោលគឺការធ្វើកសិកម្មតាមបែបពឹងផ្អែកលើបច្ចេកវិទ្យា។
ត្រង់ចំណុចនេះ លោកសង្ឃឹមថា ភាគីខាងជប៉ុន ជាពិសេសតាមរយៈក្រុមហ៊ុនរបស់លោក នឹងជួយសម្របសម្រួល ក្នុងការបណ្ដុះធនធានមនុស្សកម្ពុជាបន្ថែមទៀតពីវិស័យកសិកម្មឆ្លាតវៃ តាមបែបបច្ចេកវិទ្យានៅប្រទេសជប៉ុន ដល់ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកក៏សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នាពេលខាងមុខអាចនឹងមានទស្សនកិច្ចពីភាគីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីឈ្វេងយល់អំពីទិដ្ឋភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសជប៉ុន ហើយយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងអំពីការវិវត្តវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ពិសេសពីឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្ន ដោយកម្ពុជាតាំងពីអតីតកាល វិស័យកសិកម្មមានភាពអន់ថយ ដែលកម្ពុជាពីមុនខ្វះស្បៀង ហើយការផលិតគ្រាន់តែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីមានកំណែទម្រង់ជាបន្តបន្ទាប់ កម្ពុជាបានប្រែក្លាយពីប្រទេសដែលផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេស ក្លាយទៅជាប្រទេសដែលបានផលិតស្បៀងបានបរិបូណ៌ និងនាំចេញទៅក្រៅប្រទេសថែមទៀត។
សម្ដេចតេជោ ក៏បានលើកឡើងពីចំណុចខ្វះខាត ដែលកម្ពុជាត្រូវតែបំពេញនិងអភិវឌ្ឍន៍បន្ថែម គឺការកែច្នៃ ដោយសារបច្ចុប្បន្នកំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងច្រើន ហើយកម្ពុជាបាននាំចេញដែលជាវត្ថុធាតុដើមទៅលក់នៅក្រៅប្រទេស ដែលធ្វើឱ្យកម្ពុជាមានការខាតនូវផលប្រយោជន៍មួយចំនួនផងដែរ។
សម្ដេចតេជោគូសរំលេចថា ប្រសិនបើក្រុមហ៊ុនជប៉ុន ចាប់អារម្មណ៍នៅក្នុងការវិនិយោគបន្ថែមទៅលើកសិឧស្សាហកម្ម ពោលគឺការកែច្នៃនូវវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជា នាំទៅលក់នៅក្រៅប្រទេសនោះ ជាចំណុចខ្លាំងមួយ ដែលអាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំផលិតផលចេញ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ សង្ឃឹមថា ភាគីខាងក្រុមហ៊ុនជប៉ុននឹងពិភាក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល ជាពិសេសេក្រសួងជំនាញ ដើម្បីធ្វើកិច្ចសហការជាមួយគ្នា។
លោក Akira DODATE បានបង្ហាញពីការចាប់អារម្មណ៏ចំពោះវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានបញ្ជាក់ថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជានាពេលនេះ ភាគីក្រុមហ៊ុនរបស់លោក នឹងសិក្សា ថាតើអាចវិនិយោគផ្នែកអ្វីដែលសំខាន់ក្នុងវិស័យកសិកម្ម ដើម្បីផ្ដល់លទ្ធភាព ក្នុងការជំរុញវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត៕