វិទ្យុជាតិកម្ពុជា៖លោក ចេម ហួត លោក ជួន បូណា និងវ៉ែន សុវុទ្ធី
កំពង់ឆ្នាំង៖ ក្រោយពីព្រះរាជពិធីច្រត់ព្រះនង្គ័លបានបញ្ចប់រួចហើយ ប្រជាកសិករបានត្រៀមលក្ខណៈធ្វើ ស្រែចម្ការហើយរំពឹងថា ឆ្នាំនេះនឹងទទួលបានទិន្នផលខ្ពស់ បន្ទាប់ពីការផ្សងប្រផ្នូលឃើញថា គោឧសភរាជ បានបរិភោគស្រូវ៩៥ភាគរយ ពោត៩៥ និងសណ្តែក៨០ភាគរយ។
លោកស្រី ឯក មុំ ជាកសិករ រស់នៅ ភូមិសាប ឃុំជំទាវបុត្រី ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង បានបង្ហាញ ការសប្បាយរីករាយក្រោយពីបានស្តាប់ពីការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយគោឧសភរាជ បរិភោគស្រូវ ៩៥ ភាគរយ ពោត៩៥ភាគរយ និងសណ្តែក៨៥ភាគរយ។
ចំណែកលោកប្រុស ឌី សុវណ្ណ ប្រជាពលរដ្ឋនៅក្នុងភូមិព្រះគម្ពី ឃុំព្រះគរគីស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង វិញ ក៏បានបង្ហាញការរីករាយផងដែរ និងសង្ឃឹមថា ឆ្នាំនេះ ការធ្វើកសិកម្មរបស់ខ្លួននឹងទទួលទិន្នផលខ្ពស់ ផងដែរ។
ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រាហ្មណ៍ព្រះរាជគ្រូបានឱ្យដឹងថា គោឧសភរាជ បានបរិភោគ ស្រូវចំនួន៩៥ភាគរយ ពោតចំនួន ៩៥ភាគរយ និងសណ្ដែក៨៥ ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរ មុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។
សូមបញ្ជាក់ថា ព្រះរាជ ពិធីបុណ្យ ច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះ ប្រព្រឹត្តទៅ នៅទីព្រះស្រែ ក្នុងកីឡដ្ឋាន ក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតី ភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋភា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ទៀតផង៕