វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៦ ០៥ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាសហគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែង នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season)។
ការចុះពិនិត្យនេះ ធ្វើឡើងកាលពីចុងសប្តាហ៍នេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) ដោយពិនិត្យមើលទៅលើការរៀបចំផលិតផល និងសកម្មភាពទេសចរណ៍ក្នុងសហគមន៍ ការគ្រប់គ្រង និងពង្រឹងគុណភាព សេវាកម្មសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងយន្តការវាយតម្លៃស្តង់ដា សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាពិសេសការបង្កើន នូវសោភ័ណភាព ទេសភាពបៃតង និងបរិស្ថាននៅក្នុងបរិវេណ ទំនប់អូរស្វាយនេះបន្ថែមទៀត។
សូមជម្រាបជូនថា សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែកាយជាមួយទេសភាពធម្មជាតិ បន្ទាប់ពីការទស្សនាប្រាសាទព្រះវិហារ ដែលមានទីតាំងស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕