ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារ ជាង៥ពាន់កន្លែងដល់យុវជន

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_1327

IMG_1320-1

IMG_1324

IMG_1322-2

IMG_1328

IMG_1329

IMG_1331

IMG_1326-1

IMG_1323

ភ្នំពេញ៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើម ហើយ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS។ ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៃអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនាព្រឹកនេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួយបែងចែក ឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយ ឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តមបញ្ជាក់បន្ថែមថា ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗដែលបានជ្រើសរើស បំពេញ និង កសាងមាគ៌ាអាជីពនោះ។ តាមរយៈនេះ យុវជន និងអ្នកស្វែងរកការងារត្រូវការយកចិត្តទុកដាក់រៀបចំ ផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួលនិងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសម្លឹង ឆ្ពោះទៅ ភាពជោគជ័យក្នុងពេលអនាគត។
លោកជំទាវ តិមា វិច្ឆិកា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក) លើកឡើងថាព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែប នៅតាមគ្រឹះស្ថាន និង ក្រុមហ៊ុនធំៗ ហើយវាជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយនិយោជក និងនិយោជិត។ លោកជំទាវ បញ្ជាក់ឱ្យដឹងថាកន្លងមក ស.ស.យ.ក តែងតែធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយ NEA  ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានវេទិកាការងារ ពិព័រណ៍ការងារថ្នាក់ជាតិជាដើម ដើម្បីធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានពីឱកាសការងារ ដល់ប្រជាពលរដ្ឋពិសេសយុវជន។
លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO) មានប្រសាសន៍ថា ILO ពិតជាមានសេចក្តីសោមនស្សរីករាយនឹងគាំទ្រគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ការងារដ៏មានសារៈសំខាន់រយៈពេលពីរថ្ងៃនេះឡើង ដើម្បីបង្កើតជាកន្លែងជួបជុំគ្នា ដោយងាយស្រួលរវាងនិយោជក អ្នកស្វែងរកការងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែង យល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។ ពិសេសនោះ ពិព័រណ៍ការងារនេះ គឺជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជកដែលមានសក្តានុពលជាច្រើន និងស្វែងយល់ ពី ឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។
សូមជម្រាបថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភា នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអគារ KAMPUS ជាប់ស្ពានអាកាស ក្បាលថ្នល់។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាននាំយក ឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសន៍ជ្រើសរើស និងបើកឱកាសដល់ អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទ ក្នុងវិស័យធនាគារនិងគ្រឹះស្ថាន មីក្រូហិញ្ញវត្ថុ, សេវាកម្ម, អចលនវត្ថុ,ឧស្សាហកម្ម, ការលក់ដុំនិងលក់រាយ,អាហារនិងភេសជ្ជៈ ជាដើម ៕

Comments

Related posts