សម្តេចធិបតីថ្លែងថា និមិត្ដរូបដែលកម្ពុជាចង់បានគឺអ្នកវិនិយោគដូចក្រុមហ៊ុនToyota

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ៥ ២០២៤

IMG_0530-1

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា និមិត្ដរូបដែលកម្ពុជាចង់បានគឺអ្នកវិនិយោគដូចក្រុមហ៊ុនToyota ដែលមានការអភិវឌ្ឍដោយចាប់ផ្តើមពីការបើកក្រុមហ៊ុនជួសជុលរហូតឈានដល់ការដំឡើងរថយន្ត។

ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិ យោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អពិសេសមួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។
សម្តេចធិបតី បានបន្តថា ការវិនិយោគក្រុមហ៊ុនតូយ៉ូតា គឺជាអ្វីដែលកម្ពុជាចង់បាន ហើយតាមរយៈដំណើរការនៃរោងចក្រដំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ ថែមទៀតលើជំនាញវិស្វកម្មរថយន្តសម្រាប់ប្រជាជនកម្ពុជាផងដែរ។
សម្តេចធិបតី បានបញ្ជាក់ថា ការទាក់ម៉ូយវិនិយោគិនបរទេសមកថ្មីជាកិច្ចការសំខាន់ ប៉ុន្តែអ្វីដែលសំខាន់គឺធ្វើឱ្យអ្នកដែលវិនិយោគនៅកម្ពុជា មានភាពជោគជ័យ មានភាពកក់ក្តៅ ហើយពង្រីកការ វិនិយោគកាន់តែច្រើនទៀតនៅកម្ពុជា។
 « ការវិនិយោគបែបនេះគឺជាអ្វីដែលកម្ពុជាចង់បាន និមិត្តរូបរបស់ក្រុមហ៊ុនតូយ៉ូតា ដែលចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមសេវានៅឆ្នាំ១៩៩៣ ដែលមានរយៈជាង៣០ឆ្នាំ ដែលចាប់ផ្តើមពីក្រុមហ៊ុនដែលផ្តល់ត្រឹមតែសេវាជួសជុល ឈានទៅដល់ការបង្កើតរោងចក្រ បង្គុំនិងផលិត ដែលនេះហើយជានិមិត្តរូបដែលកម្ពុជាចង់បាន។ ហើយរាជរដ្ឋាភិបាលខិតខំដែលខ្ញុំថា ការទាក់ម៉ូយមកថ្មីជាកិច្ចការសំខាន់ប៉ុន្តែអ្វីដែលសំខាន់គឺធ្វើឱ្យអ្នកដែលសម្រេចចិត្តមកហើយ មានភាពជោគជ័យ មានភាពកក់ក្តៅ នៅជាមួយកម្ពុជាយូរ និងសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងនូវការវិនិយោគដោយសារការទុកចិត្តមកលើកម្ពុជានេះគឺជានិមិត្តរូបដែលសំខាន់ហើយខ្ញុំសូមអរគុណចំពោះក្រុមហ៊ុនតូយ៉ូតាដែល បានសម្រេចចិត្តធ្វើបែបនេះ»។ 
សូមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តToyota ដែលបានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតឱកាសការងារចំនួន១៥០កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក បានបើកដំណើរការជាផ្លូវការនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ ៕

Comments

Related posts