ក្រសួងព័ត៌មានពង្រឹងកិច្ចសហការជាមួយ អង្គការ UNESCO ដើម្បីធ្វើឱ្យ សេរីភាពសារព័ត៌មាន និងសេរីភាព នៃការបញ្ចេញមតិនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៦ ឧសភា ២០២៤

IMG_0863-1

IMG_0861

IMG_0864

IMG_0862

IMG_0865

MC: ក្រសួងព័ត៌មានបានពង្រឹងកិច្ចសហការជាមួយ អង្គការ UNESCO ដើម្បីធ្វើឲ្យសេរីភាពសារព័ត៌មាន និង សេរីភាព នៃការបញ្ចេញមតិនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ 

     តំណាង អង្គការ UNESCO ប្រចាំកម្ពុជា បានថ្លែងនូវការចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបាន រៀបចំដោយជោគជ័យនូវការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ទាំងការចេញនូវរបាយការណ៍ ការរៀបចំ ពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពិសេសការជួបជុំគ្នាដ៏ធំរវាងអ្នកសារព័ត៌មានប្រមាណ ៥ ០០០នាក់ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងអបអរសាទរនេះធ្វើឡើងក្នុងឱកាស លោក Sardar Umar Alam តំណាង អង្គការ UNESCO ប្រចាំកម្ពុជា អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយបាននាំយកមក នូវអាវកាក់អ្នកសារព័ត៌មានដែលមានដាក់អក្សរ Press សារព័ត៌មាន ចំនួន ៤៧២ អាវ ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មានផង ។
  លោក Sardar Umar Alam បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានបើកទូលាយនូវសេរីភាព សារព័ត៌មាន ជាពិសេសបានបើកទូលាយនូវកិច្ចសហការ ក្នុងការសន្ទនារវាងរាជរដ្ឋាភិបាល និងអង្គការសង្គមសុីវិល ។
   ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ លោក Sardar Umar Alam តំណាង អង្គការ UNESCO ប្រចាំកម្ពុជា ដែលបានពិនិត្យ និងវាយតម្លៃពីលទ្ធផលល្អដែល ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល កម្ពុជាសម្រេចបាន ហើយឯកឧត្តម រដ្ឋមន្រ្តី ត្រៀមបន្តសហការជាមួយ អង្គការ UNESCO ដើម្បីធ្វើឲ្យសេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ 
   យោងតាមរបាយការណ៍៖ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោម អ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថា សេរីភាព សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ»។ 
 ជាជំហានបន្តទៅមុខទៀតនេះ ក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO នឹងរៀបចំកិច្ចប្រជុំធំៗមួយចំនួន ដើម្បីរៀបចំនូវកិច្ចការងារមួយចំនួនដែលផ្តល់ផលប្រយោជន៍ដល់អ្នកសារព័ត៌មាន ។
   ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ លោក Sardar Umar Alam បានបញ្ជាក់ជូនថា ការដែលអង្គការ UNESCO ផ្តល់អាវកាក់ដែលមានដាក់អក្សរ Press សារព័ត៌មាន ចំនួន ៤៧២ អាវ ជូនដល់ក្រសួងព័ត៌មាន សម្រាប់ផ្តល់ដល់អ្នកសារព័ត៌មាន ដើម្បីទុកពាក់ពេលចុះយកព័ត៌មាន ដែលអាចសម្គាល់បានថា ជាអ្នកសារព័ត៌មាន បង្ហាញក្នុងក្របខណ្ឌសាធារណៈ រក្សាបាននូវសុវត្ថិភាព។ បើសិនជាមិនបានពាក់អាវ សារព័ត៌មាននេះទេ មិនដឹង អ្នកណា នៅស្ថាប័នណានោះទេ ៕

Comments

Related posts