រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានអំពាវនាវដល់សមាគម JCA ជួយជំរុញនិងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៣.១១.២០២៣

b1-42

b-29

b3-42

b2-42

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានអំពាវនាវដល់សមាគម JCA ជួយជំរុញនិងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយឯកឧត្តមនឹងរងចាំផ្តល់កិច្ចសហការគ្រប់ពេលវេលា ។
ការថ្លែងបែបនេះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Takahashi Fumiaki និងគណៈ ប្រតិភូ និងបានជម្រាបជូនអំពីការងារអាទិភាពរបស់ក្រសួងដែលរួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់បង្គោលអង់តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល (៣) ការលើកកម្ពស់អក្ខរកម្មឌីជីថលទៅដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជា ។
ឯកឧត្តម Takahashi Fumiaki បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលជួបប្រជុំជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម Takahashi Fumiaki ក៏បានជម្រាបជូនពីឯកទេសពិសេស របស់ក្រុមហ៊ុនជប៉ុនពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែលក្នុងនោះមានសមាជិករបស់សមាគមដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីសាងសង់ផ្លូវថ្នល់ដោយប្រើដីលាយបេតុង ដោយកាត់បន្ថយចំណាយប្រហែល៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ។
គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍លើការសាងសង់ផ្លូវដោយបច្ចេកវិទ្យាថ្មី និងចុះពិនិត្យការសាងសង់ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា ឱ្យសិក្សាបង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុនអាចបើកសាលាបណ្តុះបណ្តាលខ្លួនឯង ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងគាំទ្រ ដើម្បីអាចមានលទ្ធភាពទទួលបានជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ៕

Comments

Related posts