ឯកឧត្តម ហែម វណ្ណឌី កោតសរសើរក្រុមហ៊ុនសាប៊ូ KLEN ដែលបានរួមចំណែកអភិវឌ្ឍឧស្សាហកម្ម និងបំពេញតម្រូវការទីផ្សារ

វិទ្យុជាតិកម្ពុជា៖

 

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដែលផលិតដោយក្រុមហ៊ុន Khmer Household & Healthcare ដោយសហការ​ជាមួយក្រុមហ៊ុន IG Trading Group និងបានកោតសរសើរក្រុមហ៊ុនដែលបានរួមចំណែក​អភិវឌ្ឍ​ឧស្សា​ហកម្ម និងបំពេញតម្រូវការទីផ្សារកម្ពុជា។

 

Khmer Household & Healthcare មានផលិតផលជាង៧៥មុខ រួមទាំងផលិតផលលាងសម្អាត ថែទាំ​ផ្ទាល់ខ្លួន និងអាហារបំប៉ន។ ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការផលិតផលិតផលដែលមានគុណភាពខ្ពស់ និង​តម្លៃសមរម្យ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានពង្រីកមុខផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ចំនួនបីមុខបន្ថែមទៀតគឺ សាប៊ូលាងសម្អាតដបទឹកដោះគោកូនក្មេង សាប៊ូ​ដុសខ្លួន និងសាប៊ូកក់សក់។

 

ថ្លែងទៅកាន់ពិធីអបអរសាទរនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា ដោយកម្ពុជានឹងក្លាយជា​ប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់ ការកើនឡើងនៃអំណាចទិញ និងកំណើនប្រជាពលរដ្ឋថ្នាក់កណ្តាល ​នឹងមានឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបន្ថែមថា៖ “វត្តមានរបស់ក្រុមហ៊ុន Khmer Household & Healthcare និង IG Trading Group គឺជាការឆ្លើយតបទាន់ពេលវេលា និងសមស្របទៅ​នឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងកើនឡើង”។

 

ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាវិស័យឯកជនទាំងមូល ឱ្យសហការជាមួយរាជរដ្ឋា​ភិបាលក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្ម និងបំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ។ 

 

ឯកឧត្តមបានកោតសរសើរចំពោះក្រុមហ៊ុនដែលបានខិតខំរួមចំណែកដល់ការអនុវត្តគោលនយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅបង្កើតឱកាសការងារក្នុងស្រុក កាត់​បន្ថយភាពក្រីក្រ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “រាជរដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់ការផលិតក្នុងស្រុក និងផលិតភាព ជាពិសេសតាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើត​តម្លៃបន្ថែម, និងបង្កើតការងារ”។

 

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ក្នុងការអភិវឌ្ឍផលិតផល និរន្តរភាពបរិស្ថាន និងការ​រក្សាបាននូវស្តង់ដារគុណភាពខ្ពស់ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងឧត្តមភាពប្រកួតប្រជែង​ទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងពិភពលោក។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់អ្នកប្រើប្រាស់ឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានគុណភាពខ្ពស់៖ “តាម​  រយៈការគាំទ្រពីអ្នកប្រើប្រាស់របស់យើង យើងអាចអភិវឌ្ឍមុខទំនិញបានច្រើនប្រភេទ ដូចប្រទេសជឿនលឿនដទៃទៀតដែរ។ បើចង់ឱ្យប្រទេសយើងកាន់តែធូរធារ ទាល់តែយើងជាប្រទេសផលិត ប្រទេស​កែច្នៃ និងជាប្រទេសបង្កើតតម្លៃបន្ថែម, មិនត្រឹមតែជាប្រទេសប្រើប្រាស់នោះទេ។”

 

ពិធីអបអរសាទរខួប១ឆ្នាំនៃផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN គឺជាមោទនភាពមួយ ដែល​បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះវិស័យឧស្សាហកម្មកម្ពុជា និងការប្តេជ្ញាចិត្តចំពោះគុណភាព និងនវានុវត្តន៍។E7B6813F-3105-4516-AD81-4FEA1DC877F90567ADC0-C27C-441A-9687-85C20E3EED5C2A57F23E-AC7C-43CD-9907-AC2C40F2745483B1BBAB-7A10-4A69-A270-924BD4677973

Comments

Related posts