ឥណ្ឌា ចាប់ផ្ដើមការបោះឆ្នោតសកលធំជាងគេបំផុតនៅលើពិភពលោក ខណៈលោក Modi រំពឹងជាប់ឆ្នោតនៅអាណត្តិទី៣

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8765

IMG_8767-1

IMG_8768

អន្តរជាតិ៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌា ដែលជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យធំជាងគេបំផុតនៅលើពិភពលោកបានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសានេះ ខណៈលោក Narendra Modi នាយករដ្ឋមន្ត្រីត្រូវបានគេរំពឹងថាអាចនឹងទទួលបានជ័យជម្នះសម្រាប់អាណត្តិទី៣ ជាប្រវត្តិសាស្ត្ររបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងរវាងគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi តទល់នឹងសម្ព័ន្ធគណបក្សប្រឆាំងមួយដែលបានអះអាងថា ពួកគេនឹងសង្រ្គោះប្រជាធិបតេយ្យពីការដឹកនាំបែបផ្ដាច់ការរបស់លោក Modi។ ការិយាល័យបោះឆ្នោតជាច្រើនបានបើកទ្វារនៅម៉ោង ៧:០០ព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយការបោះឆ្នោតសកលនេះដែរនឹងមានរយៈពេលដល់ទៅ ៦ សប្ដាហ៍ឯណោះដោយបែងចែកជា ៧ ដំណាក់កាលនៅទូទាំងប្រទេសឥណ្ឌាដែលមានអ្នកបោះឆ្នោតជិត ១ ពាន់លាននាក់។ ការបោះឆ្នោតសកលនៅឥណ្ឌានឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ហើយការរាប់សន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី៤ ខែមិថុនា។ នៅថ្ងៃសុក្រនេះដែរក្នុងចំណោមដំណាក់កាលបោះឆ្នោតទាំង៧ មានប្រជាជនដែលមានសិទ្ធិបោះឆ្នោត ១៦៦ លាននាក់ នឹងត្រូវបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតចំនួន១០២ នៅទូទាំងរដ្ឋ២១ ក្នុងនោះរួមមានរដ្ឋ Tamil Nadu Arunachal Pradesh និងរដ្ឋ Uttar Pradesh ជាដើម៕

Comments

Related posts