ក្រសួងការងារគ្រោងចុះ MoU ជាមួយតំណាងវិស័យឯកជនចំនួន១៨ដើម្បីផ្តល់ឱកាសហាត់ការដល់សិស្សដែលនឹងចូលរៀនវគ្គបណ្ដុះបណ្ដាលខាងមុខ

 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រសួងការងារគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយតំណាងវិស័យឯកជនចំនួន១៨សមាគម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសមាគមទាំងអស់នេះជំរុញទៅដល់សមាជិករបស់ខ្លួនផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលនឹងចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ នាពេលខាងមុខ។

រាជរដ្ឋាភិបាលគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិតចំនួនប្រមាណ១,៥លាននាក់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តំណាងវិស័យឯកជនចំនួន១៨នេះ មានដូចជាសភាពាណិជ្ជកម្ម, សហព័ន្ធនយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគមវាយនភណ្ឌសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC), សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពុជា, សហព័ន្ធចុងភៅកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, និងសមាគមសហគ្រិនស្ត្រីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយកម្មករ និយោជិត ចំនួនជាង ១៥ ០០០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី (Cambodian Zhejiang Guoji) ខេត្តព្រះសីហនុ នាថ្ងៃទី៧ វិច្ឆិកា ២០២៣។

ការចុះMoU នេះមានគោលបំណងធានាថាសិស្សមិនត្រឹមតែអាចអនុវត្តនូវរោងជាងនៅឯសាលានោះទេ ប៉ុន្តែអាចអនុវត្តជាក់ស្តែង និងធ្វើការជាក់ស្ដែងនៅក្នុងវិស័យឯកជន ដែលនឹងផ្តល់ឱ្យវិស័យឯកជននូវឱកាសដើម្បីពិនិត្យជ្រើសរើសសិស្សទាំងអស់នោះអាចចូលធ្វើការនៅក្រោយពេលដែលរៀនចប់វគ្គបណ្តុះបណ្តាល។

ឯកឧត្តម ហេង សួរ លើកឡើងថា ក្រសួងការងារបានជ្រើសរើសជំនាញចំនួន៣៨លើវិស័យទាំង១០សម្រាប់ជំហានដំបូង ដែលជំនាញទាំង៣៨នេះគឺជាជំនាញដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ហើយត្រូវការសិក្សារយៈពេលមធ្យមគឺត្រឹម៤ខែ ហើយដែលផ្តោតខ្លាំងទៅលើការអនុវត្ត។

ឯកឧត្តមបញ្ជាក់បន្ថែមថា ក្រសួងការងារក៏បានរៀបចំ និងធ្វើបច្ចុប្បន្នភាពមេរៀន និងបង្កើតឱ្យមានម៉ូឌុល (Module) សិក្សាបែបទំនើប ដែលអាចផ្សារភ្ជាប់ជាមួយនឹងកន្លែងធ្វើការងារតែម្តង ក្នុងនោះក៏មានបូកបញ្ចូលទាំងម៉ូឌុល និងជំនាញទន់ដែលធ្វើឱ្យសិស្សអាចចេះធ្វើការងារជាក្រុម ស្រឡាញ់ការងារ និងស្រឡាញ់អាជីពរបស់ខ្លួន។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា៖ «ក្រសួងក៏បានបញ្ចប់ និងត្រៀមគ្រប់លក្ខណៈសម្បត្តិជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ បានកំណត់នូវយន្តការ មុខសញ្ញា វិធីសាស្ត្រចុះឈ្មោះសិស្ស និងបង្កើតឱ្យមានកម្មវិធីសិក្សា និងសេចក្ដីជូនដំណឹងនានា ហើយបានធានាថានឹងអនុវត្តបានតាមបាវចនារបស់សម្ដេចធិបតី ដែលបានណែនាំកាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះថា ការជោគជ័យនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈគឺត្រូវធានាថា សិស្សនឹងមករៀនឱ្យជាប់ រៀនឱ្យចេះ ហើយចប់គឺមានការងារធ្វើ»។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ «[ក្រសួង] បានរៀបចំយន្តការចុះឈ្មោះចូលរៀនតាមរយៈថ្នាលឌីជីថល [Digital platform] និងសម្រាប់បើកផ្តល់ឱ្យដៃគូនានាដែលអាចប្រើនូវថ្នាលឌីជីថលនេះដើម្បីជួយចុះឈ្មោះជូនបងប្អូនដែលមានបំណងចុះឈ្មោះ ឬមួយក៏បងប្អូនអាចទៅកាន់គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈណាមួយរបស់ក្រសួងក៏អាចចុះឈ្មោះនៅទីនោះផ្ទាល់បានផងដែរ»។

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគម TAFTAC បានប្រកាសស្វាគមន៍ចំពោះសមាជិកថ្មីរបស់ខ្លួនចំនួន៨ក្រុមហ៊ុនសម្រាប់ខែតុលា ឆ្នាំ២០២៣ រួមមាន ក្រុមហ៊ុន Grandfield Industry, Dolphine International Transportation, Taral International, Zhuoer Home Textile (Cambodia), Qi Xin Yuan (Cambodia), Beswin Fashion (Cambodia), Pristine Textile (Cambodia), និងក្រុមហ៊ុន NeoCambo Textile។

យោងតាមទំព័រហ្វេសប៊ុកសមាគម TAFTAC បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចំនួនសមាជិកសរុបរបស់សមាគម TAFTAC មានចំនួន៧០៥។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកណ្តាល នាថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នេះ ដោយផ្តោតសំខាន់លើគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាពឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ។ សម្តេចធិបតី បញ្ជាក់ថា ក្រុមហ៊ុនក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «គោលដៅដែលយើងចង់បាននូវការបណ្តុះបណ្តាលនេះ គោលដៅនៃការបណ្តុះបណ្តាលនេះគឺឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។ គោលដៅ៣ហ្នឹងជាប្រទីបដែលត្រូវធ្វើ ហើយក្រុមហ៊ុនទទួលបាននូវកម្មករ បុគ្គលិកដែលចេញពីបណ្តុះបណ្តាលទៅអាចស្រួលនៅក្នុងការជួយដល់ក្រុមហ៊ុនដែលត្រូវជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់។ សុំដាក់ នេះជាទិសដៅ ចប់ ចេះ មានការងារ។ នេះគឺជាអ្វីដែលក្រសួងត្រូវដាក់ទិសដៅសម្រាប់ការអប់រំនេះ»។

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការងារបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិក្រឹតការគ្រូបច្ចេកទេសលើកទី១ចំនួន២៤៨នាក់ដែលមានរយៈពេល១០ថ្ងៃ ដើម្បីត្រៀមខ្លួន និងបំប៉នសមត្ថភាពបន្ថែមដើម្បីធានាថា ការបណ្តុះបណ្តាលប្រព្រឹត្តទៅដោយរលូន និងមានគុណភាព និងមានភាពទាក់ទាញសម្រាប់យុវជន។

ថ្លែងក្នុងពិធីបិទបញ្ចប់វគ្គវិក្រឹតការនេះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគ្រូបច្ចេកទេសចូលរួមអនុវត្តអនុសាសន៍របស់ម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក «រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ»។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះជោគជ័យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺអាស្រ័យទាំងស្រុងទៅលើគ្រូឧទ្ទេសទាំងអស់ដែលត្រូវបំពញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់ជូន។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា គ្រូឧទ្ទេសចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹងក្នុងរយៈពេលដ៏ខ្លីនេះដែលទាមទារឱ្យមានមេរៀនប្រកបដោយភាពទាក់ទាញ ងាយស្រួលយល់ ឆាប់ចេះ និងមានការចុះអនុវត្តផ្ទាល់ក្នុងរោងជាងឱ្យបានច្បាស់លាស់ដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលគ្រប់ភាគីពាក់ព័ន្ធទទួលស្គាល់ ជាពិសេសវិស័យឯកជន៕

 

F05D63A7-E7F5-48AC-8923-864F11D800FC

Comments

Related posts