NEA បន្តរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង៣០០ កន្លែង ដល់យុវជន

វិទ្យុជាតិកម្ពុជា៖

វេទិកាការងារ និងកម្មសិក្សាការងារចុងខែនេះ មានក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារចំនួន៣០៤ កន្លែង ដែលជាឱកាសល្អមួយ សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា Woori ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ក្នុងការជួយដល់ធនាគារជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA យើងតែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ។ លោកបន្ថែមទៀតថាទីតាំង NEA គឺជាកន្លែងជួបគ្នារវាង តំណាងក្រុមហ៊ុន(និយោជក) និងអ្នកស្វែងរកការងារធ្វើ(និយោជិត) ដ៏មានប្រសិទ្ធភាព និងមានផ្លែផ្កាសម្រាប់ភាគីទាំងពីរ។

លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែងអំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុនពិសេស Woori ក្នុងការជ្រើសរើសបុគ្គលិក។ លោកបានអំពាវនាវចំពោះយុវជនដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារសូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ធនាគារ WOORI, ធនាគារ AEON, ធនាគារហត្ថា,ក្រុមហ៊ុន JACCS, ផ្សារទំនើប LUCKY និងក្រុមហ៊ុន GOODHILL។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕photo_2023-12-12_18-22-57photo_2023-12-12_18-22-53photo_2023-12-12_18-22-50photo_2023-12-12_18-22-46photo_2023-12-12_18-22-43

Comments

Related posts