ក្រុមហ៊ុនសម្ព័ន្ធ Ningbo អះអាងថា ការជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការវិនិយោគ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a19-61

a15-115

a16-102

a17-93

a18-79

ភ្នំពេញ៖នាយកក្រុមហ៊ុនសម្ព័ន្ធ Ningbo  អះអាងថា ការជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការវិនិយោគ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសគោលនយោបាយសេដ្ឋកិច្ចបើកចំហរបស់រាជរដ្ឋាភិបាល។
ក្នុងជំនួបសំដែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច  នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង  លោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo (រួមមានអាជីវកម្មខាងផ្នែកកាបូប និងផលិតស្បែក ផ្លាស្ទិក និងឧបករណ៍អុបទិក) និងជាប្រធានសមាគម Ningbo Leather Association ដែលជាបណ្តុំក្រុមហ៊ុនផលិតកាបូប និងសំភារៈធ្វើដំណើរពីស្បែក និងកាបូបធ្វើដំណើរចំនួន១០៨ក្រុមហ៊ុន ជាសមាជិក និងសហការី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Zhejiang ខេត្ត Ningbo សាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា ទើបលោក និងដៃគូសហការផ្សេងទៀត ជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅក្នុងការវិនិយោគ។
លោក Fan Fangnian បានបន្តថាក្រុមហ៊ុនសម្ព័ន្ធរបស់លោក ក៏មានទីតាំងនៅក្នុងបណ្តាប្រទេសនៅអាស៊ី ប៉ុន្តែគាត់ចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាជាផ្ទះទី២របស់លោក ដោយសារគោលនយោបាយសេដ្ឋកិច្ចបើកចំហ ទំនាក់ទំនងល្អ និងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទើបធ្វើឱ្យរូបលោក និងសម្ព័ន្ធក្រុមហ៊ុនរបស់លោក ព្រមទាំងសមាជិកសមាគមទាំងមូល មានអារម្មណ៍កក់ក្តៅក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។
  លោកនាយកប្រតិបត្តិ បញ្ជាក់ថា ដោយមើលឃើញអំពីឱកាសវិនិយោគដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ លោកនឹងកៀរគរអ្នកវិនិយោគជាដៃគូរបស់ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងក្ដីសោមនស្សរីករាយក្នុងការទទួល ស្វាគមន៍ ជាមួយលោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo  និងជាប្រធានសមាគម Ningbo Leather Association និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានផ្តល់ការលើកទឹកចិត្ត និងការគំាទ្រដល់អ្នកវិនិយោគ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងសំខាន់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ព្រមទាំងបានជម្រាបជូន អំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដែលកើតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យអ្នកវិនិយោគមានភាពកក់ក្តៅ និងមានជំនឿទុកចិត្ត៕

Comments

Related posts