សម្តេចធិបតីស្វាគមន៍ក្រុមហ៊ុន SPCដែល បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា

 

វិទ្យុជាតិកម្ពុជា

x-30

x1-43

x2-41

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ ក្រុមហ៊ុន SPCដែលបង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលកម្ពុជាមានសក្តានុពលយ៉ាងសំខាន់លើវិស័យកសិកម្ម ដែលជំរុញការលើកកម្ពស់ជីវភាព របស់ប្រជាកសិករ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤  បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀត ពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មាន ប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញ លើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការ កែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែ ច្រវាក់ផលិត កម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគ លើវិស័យឧស្សាហ កម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ ជា មួយលោកប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពីភាពទាក់ទាញនៃបរិស្ថានវិនិយោគ ដែលមាន ភាពប្រាកដនិយម អនុគ្រោះ និងបត់បែន  ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យកសិកម្មជាវិស័យអាទិភាពមួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវ សមាគម កសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាព ផលិត ផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានគូសរំលេចពី គោល នយោបាយគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធ លើដីកសិកម្ម ពន្ធនាំចូលសម្ភារ'កសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់ បន្ថយថ្លៃដើម ផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។ ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ លទ្ធភាព ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕

Comments

Related posts