ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងនឹងបោះឆ្នោតលើបទផ្អាកឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ខណៈសហរដ្ឋអាមេរិកទំនងនឹងប្រើសិទ្ធិ "វេតូ"

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0681

IMG_0685

IMG_0684

អន្តរជាតិ៖ ក្រុមអ្នកការទូតបាន និយាយថា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារ (ថ្ងៃទី ២០ ខែកុម្ភៈ) លើសំណើរបស់ ប្រទេសអាល់ហ្សេរី ដើម្បីជំរុញស្ថាប័នដែលមានសមាជិក ១៥ មួយនេះ ឱ្យផ្អាកបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាទង្វើមួយដែលសហរដ្ឋអាមេរិកបានបង្ហាញថាខ្លួននឹងប្រើសិទ្ធិ "វេតូ"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រទេសអាល់ហ្សេរី បានដាក់ចេញសេចក្តីព្រាងដំណោះស្រាយបឋមមួយនេះជាងពីរសប្តាហ៍មុនមកហើយ។ ប៉ុន្តែលោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានឆ្លើយតបយ៉ាងឆាប់រហ័សថា វិធានការនេះអាចបង្កផលអវិជ្ជមានចំពោះ "កិច្ចចរចាដែលកំពុងបន្ត" ក្នុងគោលបំណងធ្វើឱ្យមានការផ្អាកសង្គ្រាមជាបណ្តោះអាសន្ន។ អ្នកការទូតបាននិយាយថា កាលពីថ្ងៃសៅរ៍ អាល់ហ្សេរីបានសុំឱ្យក្រុមប្រឹក្សាបោះឆ្នោតនៅថ្ងៃអង្គារសប្តាហ៍នេះ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតម្រូវឱ្យមានសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង និងដោយគ្មានការវេតូពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន ឬរុស្ស៊ីដើម្បីអនុម័ត។ លោកស្រី Thomas-Greenfield បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា "សហរដ្ឋអាមេរិកមិនគាំទ្រសកម្មភាពលើសេចក្តីព្រាងដំណោះនេះទេ ហើយប្រសិនបើដំណើការ បោះឆ្នោតប្រព្រឹត្តទៅក៏នឹងមិនត្រូវបានអនុម័តដែរ"៕

Comments

Related posts