ឯកឧត្តមបណ្ឌិត លី ធុជ ពិភាក្សាទ្វេភាគីជាមួយ ប្រធានUN-ESCAP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP មុននឹងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០

វិទ្យុជាតិកម្ពុជា៖
 
(បាងកក) រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលphoto_2024-04-20_05-56-14ស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP។ ជំនួបនេះ មានការចូលរួមពី ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ប្រតិភូមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គណៈកម្មាធិការជាតិអេស្កាប់ និងអាជ្ញាធរមីន។

ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា  ព្រមទាំងបានអញ្ជើញសម្តេចធិបតី ដោយផ្ទាល់ចូលរួមថ្លែងសុន្ទរកថាពិសេសក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមមូលបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលបានជួយដល់កម្ពុជារៀបចំសេចក្តីព្រាងនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន ដែលវាជាលើកដំបូងដែល UN-ESCAP បានចូលរួមក្នុងកិច្ចការសកម្មភាពមីន។ 

ជាមួយគ្នានេះ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាមានបំណងប្រែក្លាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅជាតំបន់ដែលគ្មានការគំរាមដោយសារមីន និងធានាថាជនរងគ្រោះដោយសារមីនត្រូវបានយកចិត្តទុកដាក់ខ្ពស់ ហើយ UN-ESCAP គឺជាតួអង្គមួយដ៏សំខាន់ដែលអាចជួយដល់កម្ពុជាសម្រេចបាននូវចក្ខុវិស័យនេះ។ ឯកឧត្តមបណ្ឌិត បានស្នើដល់ UN-ESCAP គាំទ្រ និងពង្រីកសកម្មភាពកៀរគរធនធាន ដើម្បីជួយដល់រដ្ឋដែលទទួលរងគ្រោះដោយសារមីន និងបានអញ្ជើញលោកជំទាវបណ្ឌិតចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ 

ជាការឆ្លើយតប លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលនឹងមកចូលរួមដោយផ្ទាល់ក្នុងសន្និបាតប្រចាំឆ្នាំនេះ ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា និងចក្ខុវិស័យរបស់សម្តេច ទៅកាន់រដ្ឋសមាជិកទាំងអស់របស់ UN-ESCAP ហើយលោកជំទាវប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

ក្រោយជំនួបទ្វេភាគី ឯកឧត្តមបណ្ឌិត លី ធុជ បានដឹកនាំប្រតិភូនាំមុខពិនិត្យការទទួលបដិសណ្ឋារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធិបតីនឹងចូលរួមថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ នៃ UN-ESCAP នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP ក្នុងទីក្រុងបាងកក ប្រទេសថៃ។photo_2024-04-20_07-02-24photo_2024-04-20_05-56-18photo_2024-04-20_05-56-16photo_2024-04-20_05-56-14 (2)

Comments

Related posts