ប្រមុខ UN ប្តេជ្ញាចាត់ការលើបុគ្គលិកដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម ប៉ុន្តែទទូចកុំឱ្យផ្អាកជំនួយសម្រាប់ UNRWA

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-177

a7-176

អន្តរជាតិ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានប្តេជ្ញាថានឹងទទួលខុសត្រូវក្នុងករណីដែលបុគ្គលិករបស់ UN ណាមួយ មានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ប៉ុន្តែទទូចដល់រដ្ឋាភិបាលនានាឱ្យបន្តគាំទ្រទីភ្នាក់ងារជនភៀសខ្លួន UN ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ដដែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការទទូចរបស់ប្រមុខ UN នាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចំនួន ៩ បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារមួយនេះក្រោយលេចឮដំណឹងថាមានបុគ្គលិកមួយចំនួនជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៉ីស្រាអែល។ លោក Guterres បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា "បុគ្គលិក UN ណាក៏ដោយ ដែល ពាក់ព័ន្ធនឹងអំពើភេរវកម្មគឺត្រូវទទួលខុសត្រូវរួមទាំងតាមរយៈការកាត់ទោសព្រហ្មទណ្ឌផងដែរ។ លេខាធិការដ្ឋានត្រៀមរួចជា ស្រេចក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយអាចកាត់ទោសបុគ្គលទាំងនោះស្របតាមនីតិវិធីទូទៅរបស់ខ្លួន"។ លោក Guterres បន្ថែមថា "មានបុរស និងស្ត្រីរាប់ម៉ឺននាក់ធ្វើការឱ្យ UNRWA ដែលភាគច្រើនគឺនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតក្នុងនាមជាបុគ្គលិកមនុស្សធម៌ ហើយមិនគួររងពិន័យទាំងអស់នោះទេ។ តម្រូវការដ៏ចាំបាច់សម្រាប់ប្រជាជនដែលកំពុងអស់សង្ឃឹម និងត្រូវការពួកគេ គួរតែ នៅបំពេញដដែល"៕

Comments

Related posts