ក្រសួង២ រួមគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

 

វិទ្យុជាតិកម្ពុជា៖

 

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

 

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ៖

 

១. ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសាររបស់ ក.ដ.ន.ស. ដែលមានដាក់បញ្ចូល QR Code ស្តង់ដា 

២. រៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ដាក់ឱ្យដំណើរការក្នុង ក.ដ.ន.ស. 

៣. រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក.ដ.ន.ស. 

៤. សហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 

 

ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ កិច្ចសហប្រតិបត្តិការនៃការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើឯកសាររបស់ ក.ដ.ន.ស. នាថ្ងៃនេះ គឺជាជំហានថ្មីមួយទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋ តាមរយៈការកសាងរដ្ឋាភិបាល ឌីជីថល សំដៅធានាដល់ការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

 

ឆ្លៀតក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងទាំងពីរនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និង ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ "ថ្នាលកម្ពុជាមាតុភូមិខ្ញុំ (cmhl.gov.kh)" ដែលអាចចាត់ទុកបានថាជា ផែនទីជាតិ ឌីជីថល ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងដោយមានការគាំទ្របច្ចេកទេសពី ក.ប.ទ.។ 

 

ថ្នាលកម្ពុជាមាតុភូមិខ្ញុំ នឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នទាំងអស់ អាចយកទៅប្រើប្រាស់ និងដាក់បញ្ចូលព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រ និងព័ត៌មាននានា ទៅតាមវិស័យរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយព័ត៌មានទាំងអស់ដែលមាននៅលើផែនទីជាតិឌីជីថលនេះ នឹងអាចយកមកប្រើប្រាស់ក្នុងការវិភាគ និងការសិក្សារៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ព្រមទាំងអាចប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានាផងដែរ។ ជាឧទាហរណ៍ នៅក្នុងវិស័យទូរគមនាគមន៍ គឺ ក.ប.ទ. អាចបញ្ចូលទិន្នន័យស្ថានីយអង់តែនទូរគមនាគមន៍ទៅក្នុង ថ្នាលកម្ពុជាមាតុភូមិខ្ញុំ ហើយយើងអាចដឹងថា នៅក្នុងឃុំ ស្រុក ឬ ខេត្តនីមួយៗ មានស្ថានីយអង់តែនទូរគមនាគមន៍ ចំនួនប៉ុន្មាន និងមានទីតាំងនៅកន្លែងណាខ្លះ។

 

ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសនៃ ក.ដ.ន.ស. និង ក.ប.ទ បាននិងកំពុងសហការគ្នារៀបចំដាក់ បញ្ចូល QR Code ស្តង់ដា នៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលអាចអនុញ្ញាតឱ្យធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាននៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចមើលឃើញអំពីទីតាំងក្បាលដីនោះនៅលើថ្នាលកម្ពុជាមាតុភូមិខ្ញុំ។

 

ក.ដ.ន.ស. និង ក.ប.ទ. មានជំនឿយ៉ាងមុតមាំថា ថ្នាលកម្ពុជាមាតុភូមិខ្ញុំ នឹងជួយឱ្យប្រជាពលរដ្ឋនិងធុរជន ទទួលបានព័ត៌មានពាក់ព័ន្ធនឹងទីតាំងភូមិសាស្រ្ត និងព័ត៌មានតាមវិស័យនានា បានគ្រប់ជ្រុងជ្រោយប្រកបដោយភាពងាយស្រួល និងភាពជឿទុកចិត្តបាន ហើយគ្រប់ក្រសួង ស្ថាប័ន ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានាដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនផងដែរ៕15702429-5228-4282-AD65-E0A1BDD27D87

Comments

Related posts