នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategiesនៃប្រទេសសិង្ហបុរីកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់

វិទ្យុជាតិកម្ពុជា៖

 

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies ព្រមទាំងប្រតិភូអមដំណើរនៃប្រទេសសិង្ហបុរី។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Vital Strategies ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជាឱ្យសម្រេចបានជោគជ័យ ។

 

លោកបណ្ឌិត Tara Singh BAM បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់អង្គការ Vital Strategies ជាមួយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងចូលរួមអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ បានថយចុះគួរឱ្យកត់សម្គាល់ ជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ ទាបនៅក្នុងតំបន់ និងលើពិភពលោក។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព រួមមានវិធានការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់និងការឧបត្ថម្ភកម្មវិធីនានាដោយឧស្សាហករ ថ្នាំជក់ ព្រមទាំងហាមជក់ និងបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ និងទីសាធារណៈ ដែលនាំកម្ពុជាឈានទៅសម្រេចបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។ ទន្ទឹមនឹងនេះ ការអប់រំផ្សេព្វផ្សាយដល់សាធារណជនមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹង បានជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការអនុវត្តច្បាប់កាន់តែទទួលបានជោគជ័យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ស្នើអង្គការ Vital Strategies (១) បន្តការគាំទ្រពង្រឹងសមត្ថភាពដល់អ្នកអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជួយបណ្តុះបណ្តាល មន្ត្រីទទួលបន្ទុកការងារអប់រំសុខភាព នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព កាន់តែមានសមត្ថភាពខ្ពស់ (២) ជួយគាំទ្រសេវាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ឱ្យបានទូលំទូលាយ ពិសេសនៅមណ្ឌលសុខភាព និងក្នុងសហគមន៍ដាច់ស្រយាល (៣) ផ្តល់ការគាំទ្រលើកម្មវិធីសុខភាពសាធារណៈផ្សេងៗទៀតនៅកម្ពុជាដូចជា កម្មវិធីត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងកម្មវិធីសុវត្ថិភាពចរាចរណ៍ជាដើម និង (៤) ពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់។

 

លោកនាយក Vital Strategies បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់អង្គការ Vital Strategies  ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ដូចជា (១)ពង្រឹងការអនុវត្តទីក្រុងគ្មានផ្សែងបារី (២)ការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ (៣)ការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬទីសាធារណៈ (៤)វិធានការហាមឃាត់ផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់ (៥)យុទ្ធនាការ ការអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និង(៦) ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យផលិតផលថ្នាំជក់។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ Vital Strategies ជាពិសេសលោកនាយក ដែលបានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ Vital Strategies នាពេលកន្លងមក និងគម្រោងការងារបន្ត គឺមានគោលដៅរួមគ្នាជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។45AA0EAA-078E-463B-9510-941CA00145F24A350C59-DA90-47BD-8485-3DC95BEBA3276D73217A-F599-4CE2-AF33-13CDCCDC4DBD734F2F24-E311-4D68-B217-E07592ED2A56F941BB7E-DF2F-41F5-9C71-694D684473E6

Comments

Related posts