អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា មិនមានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ស្លាប់នោះទេ 

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

 

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មិនមានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតស្លាប់នោះទេ អ្នកជំងឺរូបនោះ គឺគាត់កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយ ។

លោកជំទាវបានបន្តទៀតថា អ្នកជំងឺកូវីដ-១៩ដែលកំពុងសម្រាកព្យាបាលទាំងអស់ មានមួយ ចំនួនក៏កំពុងស្ថិតក្នុងស្ថានភាពមិនសូវជាល្អប្រសើរ ប៉ុន្តែពួកគាត់បានទទួលការព្យាបាលពីក្រុមគ្រូពេទ្យយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីជួយសង្រ្គោះឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ ។

សំឡេង ៖« បច្ចុប្បន្ននេះស្ថានភាពអ្នកជំងឺក៏មានអ្នកជំងឺមួយចំនួនទៀត ក៏ស្ថិតនៅក្នុងលក្ខណៈស្ថានភាពមិនសូវជាល្អប៉ុន្មានដែរទេ ហើយក្រុមគ្រូពេទ្យរបស់យើងក៏កំពុងតែខ្នះ ខ្នែងរាល់ថ្ងៃនៅក្នុងការជួយសង្គ្រោះពួកគាត់ផងដែរ ។ តែស្ថានភាពបន្តបែបណានោះ យើងនឹងធ្វើការតាមដានជាបន្តទៅទៀតជាមួយនឹងក្រុមគ្រូពេទ្យរបស់យើង »។

លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវម្តងហើយ ម្តងទៀតចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍វិធានការ សុខាភិបាល ក៏ដូចជាវិធានការ ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ជាពិសេសបើដឹងខ្លួនថាបានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ កុំលាក់លៀម និងស្ម័គ្រចិត្ត ទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជាប្រចាំ ។ ប្រសិនជាមានអាការៈមិនស្រួលខ្លួន ដូចជា ឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ តែម្នាក់ប៉ុណ្ណោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានទទួលមរណភាពនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១០:៤០នាទី ព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

Comments

Related posts