ក្រសួងចំនួន២ផ្សព្វផ្សាយច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» តាមរយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីបំភ្លឺឱ្យសារធារណៈជនបានយល់ដឹងពីច្បាប់នេះ ឱ្យបានទូលំទូលាយរួមគ្នាទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទបំភ្លឺរឿងបង្កើតច្បាប់" ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ " នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងសុខភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានមានប្រសាសន៍ថា សន្និសីទសារព័ត៌មាននាពេលនេះដើម្បី ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាលចាំបាច់នានា សំដៅការពារអាយុជីវិត សុខភាពសាធារណៈ សណ្តាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។ 

សំឡេង «ការរៀបចំឱ្យមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺជាការចាំបាច់បង្កើតឱ្យមានមូលដានគតិយុត្តមួយរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីបម្រើដល់ការប្រយុទ្ធ ទប់ស្កាត់និងការបង្ការការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះក៏បង្កើតបានជាមូលដ្ឋានដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុនក្នុងការបង្ការទប់ស្កាត់ ឱ្យកាន់មានប្រសិទ្ធភាពថែមទៀត ធានាបាន នូវការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្សេងទៀត ដែលមានកម្រិតនៃការឆ្លងរាលដាលកាចសាហាចឆាប់រហ័ស និងមាន កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពា់ដល់អាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ដែលអាចកើតមានជាយថាហេតុ នាពេលអនាគត » ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាព សាធារណៈ។

សំឡេង« ច្បាប់នេះការរៀបចំឡើងដើម្បីអី គឺដើម្បីជួយការពារអាយុជីវិតរបស់បងប្អូនជនរួមជាតិ ជួយការពារហើយ បើយើងធ្វើការងារនេះបានជោគជ័យគឺយើងនឹងអាចនាំសង្គមជាតិយើងទៅដល់ភាពប្រកតីឡើងវិញ កន្លែងនេះកន្លែង សំខាន់ណាស់ អ៊ីចឹងហើយបានជាខ្ញុំបញ្ជាក់នៅក្នុងព្រឹទ្ធសភាថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺការពារអាយុជីវិតរបស់ប្រជាជននិងសុខភាពសាធារណ ហើយច្បាប់នេះដាក់ទោស តែចំពោះអ្នកដែលមិនគោរពវិធានការ ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយដែលអាចផ្តាច់ជីវិតរបស់ប្រជាជនកម្ពុជា និងបង្កមហន្តរាយ​ដល់សង្គមជាតិតែប៉ុណ្ណោះ »។

សូមបញ្ជាក់ថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយមាន ៦ជំពូក និង ១៨មាត្រា ដោយបានផ្តោតសំខាន់ថា បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែង ចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល កាលបើអំពើ ខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។ ដោយឡែក ចំពោះបុគ្គលណាគេច វេះពីការព្យាបាល ឬ គេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ២០លាន រៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នក ដទៃ៕IMG_20210315_131300_726IMG_20210315_131251_776IMG_20210315_131245_704IMG_20210315_131242_131

Comments

Related posts