ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នឹងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ព្រោះ

ច្បាប់នេះបង្កើតឱ្យមានមូលដ្ឋានធំចំនួន២ គឺផ្តល់នូវសិទ្ធិអំណាច

នានាជូនដល់រាជរដ្ឋាភិបាល និងការដាក់ទោសចំពោះជនដែល

ល្មើស ។

 

ថ្លែងក្នុងសន្និសីទបំភ្លឺរឿងបង្កើតច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាទីស្តីការ

ក្រសួងសុខាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនេះ បានផ្ដល់នូវសិទ្ធិអំណាចនានាដល់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា ដូចជាវិធានការ

សុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលមានភាពចាំបាច់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាជំងឺកាចសាហាវផ្សេងទៀត។ 

ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព គ្រប់ច្បាប់ទាំងអស់ គឺត្រូវតែមានទោស

បញ្ញត្តិ ដែលនិយាយពីការដាក់ទោសទណ្ឌ ហើយមិន មែនតែសម្រាប់កម្ពុជាទេ នៅប្រទេសណាក៏គេធ្វើដែរ។

 

ឯកឧត្តមបន្តថា ច្បាប់នេះបាន

បង្កើតឱ្យមានបទល្មើសចំនួន៥ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កុំឱ្យឆ្លងរីករាលដាល ហើយបទល្មើសសំខាន់ៗដែលមានចែងនៅក្នុងច្បាប់ចំនួន៥នោះរួមមាន បទល្មើសទី១៖ គឺការគេចវេះចេញពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ពីព្រោះប្រសិនបើគ្មានការគេចខ្លួនចេញពីកន្លែងធ្វើការធ្វើចត្តាឡីស័កនោះទេ ក៏គ្មានការឆ្លងរីករាលដាលចូលសហគមន៏ដែរ ហើយការគេចចេញពីកន្លែងធ្វើចត្តាឡីស័កនេះ នឹងត្រូវផ្ដន្ទាទោសចាប់ពី ៦ខែទៅ៣ ឆ្នាំ។ បទល្មើសទី២ អំពើគេចវេះចេញពីការព្យាបាល ឬពីកន្លែងព្យាបាល។ អ្នកកំពុងសម្រាកព្យាបាលមានន័យថា អ្នកនោះបានផ្ទុកជំងឺរួចទៅហើយ ដូច្នេះហានិភ័យនៃការឆ្លងទៅកាន់អ្នកដទៃខ្ពស់បំផុត ហើយបទល្មើសនេះ ត្រូវដាក់ពន្ធនាគារពី១ ឆ្នាំទៅ៥ ឆ្នាំ ប៉ុន្តែបើការគេចចេញពីកន្លែងព្យាបាលនេះហើយ ទៅចម្លងអ្នកដទៃ នឹងត្រូវជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ ដូច្នេះទោសនេះមិនខុសពីសម្លាប់មនុស្សទេ ពីព្រោះវាអាចសម្លាប់មនុស្ស ហើយមិនមែនសម្លាប់តែម្នាក់ទេ វាអាចសម្លាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងមូល។ 

 

ឯកឧត្តមបានបន្តទៀតថា ចំពោះបទល្មើសទី៣ មានចេតនាចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ដែលទោសនេះត្រូវដាក់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ ។ បទល្មើសទី៤ ការមិនគោរពវិធានការរដ្ឋបាល ដែលទោសនេះត្រូវដាក់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ ហើយទោសនេះអាចកើនដល់៥ឆ្នាំ ប្រសិនបើការមិនគោរពវិធានការរដ្ឋបាលនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបទល្មើសទី៥ ការរារាំង ឬធ្វើឱ្យមានឧបសគ្គ ដល់ការអនុវត្តវិធានការសុខាភិបាល ទោសនេះត្រូវដាក់ពន្ធនាគារពី ៦ខែទៅ៣ ឆ្នាំ ហើយទោសនេះអាចកើនឡើងដល់៥ ឆ្នាំ ប្រសិនបើអំពើនេះបានធ្វើឱ្យមានការចម្លងរីករាលដាលជំងឺកូវីដ-១៩ ។

 

ឯកឧត្តមបានបន្តទៀតថា ខ្ញុំចង់ជម្រាបជូនថាច្បាប់នេះ បានបង្កើតឱ្យមានមូលដ្ឋានធំចំនួន២ ទី១ច្បាប់នេះបានផ្តល់នូវសិទ្ធិអំណាចនានាជូនដល់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់ទាំងផ្នែកវិធានការសុខាភិបាល វិធានការរដ្ឋបាលនិងវិធានការផ្សេងៗទៀត ដែលមានភាពចាំបាច់ក្នុងការ

ប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាពេលអនាគត ជាយថាហេតុផងដែរ ។ 

ចំនុចទី២ កាលណាបង្កើតឱ្យមានវិធានការដើម្បីធានាការអនុវត្តនូវវិធានការនេះឱ្យមានប្រសិទ្ធភាព គ្រប់ច្បាប់ទាំងអស់ត្រូវមានទោសទណ្ឌ យើងមើលច្បាប់មួយណាក៏មានដែរ ហើយមិនមែនតែកម្ពុជា អ៊ីចឹងហើយច្បាប់របស់យើងបានបង្កើតឱ្យមានបទល្មើសចំនួន៥ ក្នុងករណី

ដែលមានអ្នកបំពាន ទៅលើវិធានការក្នុងប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងរាលដាលនៅទូទាំងប្រទេស ។

 

សូមបញ្ជាក់ថា ច្បាប់ស្តីពី «វិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយច្បាប់នេះមាន ៦ជំពូក និង ១៨មាត្រា ៕IMG_20210315_131235_419-1

Comments

Related posts