ការប្រកបរបរលក់ធ្យូងអនាម័យរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ កំពុងមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ ស្រីផល
ភ្នំពេញ៖ ការប្រកបរបរលក់ធ្យូងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យ កំពុងមានទីផ្សារល្អ និងមានការគាំទ្រ ច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ព្រោះវាមិនប៉ះពាល់ដល់សុខភាព និងអាចប្រើប្រាស់បាន រយៈពេលយូរជាង ធ្យូងធម្មតា ។ 
កញ្ញា ស៊ាង ផល្លា អ្នកលក់ធ្យូងអនាម័យ KGC ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ  បានប្រាប់វិទ្យុជាតិ កម្ពុជាថា ការប្រកបរបរលក់ធ្យូងអនាម័យនេះ គឺមានរយៈពេល១៣ឆ្នាំមកហើយ  រហូតមកដល់ពេលនេះ គឺមានដំណើរការល្អ ប្រសើរ ព្រោះមានប្រជាពលរដ្ឋជាច្រើន បានទិញយកទៅប្រើប្រាស់ នៅគ្រប់បណ្តាខេត្ត និងរាជធានីភ្នំពេញ ។ កញ្ញាបន្តថា ចំពោះបច្ចេកទេសក្នុងការផលិត គឺមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់វត្ថុធាតុដើមដែលបានមកពីត្រឡោកដូងទុំ ដែលគេកោសយកសាច់រួច យកមកផលិត ហើយក្នុងមួយថ្ងៃអាចផលិតបានធ្យូងពី៤ទៅ៥តោន ដែលក្នុង១តោនអាចលក់បាន តម្លៃ ៣៥០ដុល្លារ និងលក់រាយតម្លៃ១៤០០រៀលក្នុងមួយគីឡូក្រាម ។  

photo_2021-03-26_14-42-54
សំឡេង៖" ចំណុចសំខាន់របស់វា វាអត់ផ្សែង អត់ផ្ទុះ វាងំបានយូរ វាខុសពីគ្នាពីរដងនៃធ្យូងធម្មជាតិ ហើយវាអាចថែរក្សា អនាម័យនូវបរិវេណយើងដាំបាយដែរ ព្រោះជាធម្មតាធ្យូងឈើរបស់យើង គឺនៅពេលដុតទៅវាអាចថាផ្ទុះផ្កាភ្លើងចេញមក ហើយវាមានផេះហុយច្រើន ប៉ុន្តែធ្យូងអនាម័យគឺអត់ទេវាងំ ហើយប្រវែងរបស់វាគឺស្មើនិងចង្ក្រាន្តយើងស្រាប់ មិនបាច់យកមកកាត់ថែមអីទេ អ្វីដែលពិសេសហ្នឹង គឺប្រជាជននៅស្រុកខ្មែរយើង បើចូលរួមប្រើប្រាស់បានទាំងអស់គ្នា ដូចគាត់បានចូលរួមការពារបរិស្ថាន ក៏ដូចជាព្រៃឈើទាំងអស់គ្នាផងដែរ"។
កញ្ញា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ងាកមកប្រើប្រាស់ធ្យូងអនាម័យនេះ ជំនួសឱ្យការប្រើប្រាស់ធ្យូងដែលផលិត ចេញពីឈើ ដើម្បីជាចំណែកមួយនៃការចូលរួមថែរក្សាព្រៃឈើរបស់ប្រទេសយើង៕

Comments

Related posts