ក្លិបអ្នកកាសែតកម្ពុជា កោតសរសើរដល់អ្នកសារព័ត៌មានដែលបានបំពេញការងារយ៉ាងសកម្មជាអ្នកបន្សាប ព័ត៌មានក្លែងក្លាយ នៅក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

MC ៖ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ ២០២១នេះ ក្លឹបអ្នកកាសែតកម្ពុជាបាន កោត សរសើរដល់អ្នកសារព័ត៌មានទាំងអស់ដែលបានបំពេញ ការងារយ៉ាងសកម្មដើរតួនាទីជាអ្នកបន្សាប ព័ត៌មានក្លែងក្លាយ នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានទប់ស្កាត់ភាពវឹកវរនៅក្នុងសង្គម ។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់នៅជុំវិញពិភព លោកដើម្បីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២១ ក្រោមប្រធាន បទ៖«ព័ត៌មានដែលជា ប្រយោជន៍សាធារណៈ»។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ប្រព្រឹត្តទៅក្នុង បរិយាកាសដែលពិភពលោកទាំងមូលញាំញីដោយជំងឺរាតត្បាតសកលកូវីដ-១៩ យ៉ាង ធ្ងន់ធ្ងរ។ សត្រូវឥតស្រមោលរបស់មនុស្សជាតិមួយនេះ មិនត្រឹមតែបំផ្លាញជីវិត មនុស្ស សុខភាពសាធារណៈ និងសេដ្ឋកិច្ចរបស់ បណ្តាប្រទេសនានា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ក ឧបសគ្គយ៉ាងធំធេងដល់ការងាររបស់អ្នកសារព័ត៌មានផងដែរ។

ទោះជាយ៉ាងណា ក.អ.ក កត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចបំពេញតួនាទី របស់ខ្លួនក្នុងការផ្តល់ព័ត៌មាន ជូនមហាជនក្នុងគ្រប់កាលៈទេសៈទាំងអស់។ អ្នកសារព័ត៌មានបានខិតខំ ពុះពារគ្រប់ឧបសគ្គ និងរិះរកគ្រប់មធ្យោបាយដើម្បីបំពេញការងារ របស់ខ្លួនទោះជាក្នុងស្ថានភាពបិទខ្ទប់ក៏ដោយ។ អ្នកសារព័ត៌មាន ខ្លះត្រូវបំពេញការងារពីផ្ទះ ខ្លះទៀតមានការចាំបាច់ដែលត្រូវប្រចាំការ នៅ កន្លែងធ្វើការ ខណៈដែលក្រុមអ្នករាយការណ៍ព័ត៌មានត្រូវចេញ បំពេញការងារតាមដែលអាចធ្វើ បានដើម្បីផ្ដល់ព័ត៌មានដល់មហាជន ទោះបីជាត្រូវប្រឈម នឹងហានិភ័យ យ៉ាងណាក៏ដោយ។

ឆ្លៀតឱកាសនេះ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាល ក្រសួងព័ត៌មាន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែល បានជួយសម្រួលឲ្យអ្នកសារព័ត៌មានអាចបំពេញការងារបាន ទោះជាក្នុងកាលៈទេសៈបិទខ្ទប់ក៏ដោយ។ ក.អ.កក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ដែលបានចាត់ទុក អ្នកសារព័ត៌មានជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។

ក្លិបអ្នកកាសែតកម្ពុជាកត់សម្គាល់ឃើញថា សារព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងកាលៈ ទេសៈដ៏លំបាកនេះ។ សារព័ត៌មានមិនត្រឹមតែជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ ដឹកនាំបានយ៉ាងលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសារអប់រំនានាដល់ មហាជនក្នុងការ បង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ផងដែរ។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏បានដើរ តួនាទីជាអ្នកបន្សាប ព័ត៌មានក្លែងក្លាយ ដែលកើតមានយ៉ាងច្រើនក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ក.អ.ក សូមកោតសរសើរដល់អ្នកសារព័ត៌មានទាំងអស់ដែល បានបំពេញការងារយ៉ាងសកម្មដោយឥតរួញរាទោះជាត្រូវ ប្រឈមមុខនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ ក៏ដោយ។ ក.អ.ក សូមជំរុញលើកទឹកចិត្តដល់អ្នក

សារព័ត៌មាន គ្រប់រូបសូមបន្តបេសកកម្មរបស់ខ្លួន ដើម្បីបម្រើមហាជនបន្តទៀតដោយពាំនាំព័ត៌មានពិត ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវជូនដល់មហាជន។ ទន្ទឹមនឹងនោះ ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្ដងទៀតដល់អ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតនូវវិធានការ សុខាភិបាលដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩។

ក. អ.ក ក៏សូមអំពាវនាវផងដែរឲ្យអាជ្ញាធរពាក់ព័ន្ធសូមបន្តនូវកិច្ចសហការល្អនិងការសម្របសម្រួលដើម្បីឲ្យ អ្នកសារព័ត៌មានអាចបំពេញការ ងារបានក្នុងកាលៈទេសៈដ៏លំបាកនេះ។ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់ម្ចាស់ ស្ថាប័នព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះសុខុមាលភាព របស់អ្នកសារព័ត៌មានជាពិសេសការ បន្តផ្តល់តម្លៃដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន បើទោះជាត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក្នុងគ្រាដ៏លំបាកនេះ ក៏ដោយ៕

Comments

Related posts