ការចិញ្ចឹមមាន់តាមកម្មវិធីកសិកម្មថ្មីបានធ្វើឱ្យកសិករខេត្តឧត្តរមានជ័យទទួល ជោគជ័យខ្លាំង

វិទ្យុជាតិកម្ពុជា ៖ លោស្រី ហាន់ស្រីណា

ឧត្តរមានជ័យ ៖ ការចិញ្ចឹមមាន់តាមកម្មវិធីកសិកម្មថ្មីហៅកាត់ថា អាស់ស្ប៉ាយ (Aspire)បានធ្វើឱ្យកសិករខេត្តឧត្តរមានជ័យទទួល ជោគជ័យខ្លាំង បន្ទាប់ពីមន្ត្រីជំនាញកសិកម្មខេត្តជួយបង្រៀននិងផ្តល់បច្ចេក ទេសចិញ្ចឹមនិងភ្ញាស់តាមបែបទំនើបដល់ពួកគាត់។
    បច្ចេកទេសចិញ្ចឹមនិងភ្ញាស់តាមបែបទំនើបនេះ ប្រើរយៈពេលខ្លី ឆាប់ទទួល ផល   ពិសេសចែកមុខងារកសិករទៅ តាមផ្នែកនីមួយៗ ច្បាស់លាស់ដើម្បីធានាការផ្គត់ផ្គង់មិនឱ្យសល់ជន់ជោរចោលដោយគ្មានទីផ្សារនោះឡើយ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ឧត្ដរមានជ័យបានប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកប្រជាកសិករធ្លាប់តែចិញ្ចឹមមាន់និងភ្ញាស់កូនតាមបែបបុរាណដែលមានមេក្រាប ប្រើប្រាស់រយៈពេលយូរ ទទួលផលតាមធម្មជាតិមិនអាចកំណត់បាន និងមាន ការស្មុគស្មាញក្នុងការចិញ្ចឹម។

photo_2021-05-17_15-20-01ដោយឡែកក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញផ្នែកកសិកម្មតាមកម្មវិធីកសិ កម្មថ្មីដែលធន់នឹងបំរែបំរួលអាកាសធាតុហៅកាត់ថា អាស់ស្ប៉ាយរួចមក ឃើញថា កសិករទទួលបានបទពិសោធន៍ថ្មី ចេះរបៀបភ្ញាស់កូនតាមបច្ចេកទេសទាន់ សម័យដោយដាក់ពងមាន់ក្នុងទូភ្ញាស់មិនត្រូវការមេក្រាប ហើយជាមធ្យមអាចដាក់ពងមាន់ភ្ញាស់រហូតដល់ទៅជាង២០០ គ្រាប់ ហើយការភ្ញាស់ពងមាន់ក្នុងទូ គឺ ត្រូវការពេលតែ ៣ សប្តាហ៍ ប៉ុណ្ណោះអាចចាប់កូនលក់បាន។
     លោកបន្តថា បច្ចុប្បន្នមន្ទីរកសិកម្មក៏បានចែកមុខងារប្រជាកសិករជា២ធំៗ គឺទី១.កសិករភ្ញាស់កូនលក់និងទី២. កសិករចិញ្ចឹមកូនមាន់លក់ជាសាច់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាកសិករក្នុងការចិញ្ចឹមច្បាស់លាស់មិនជាន់គ្នាព្រោះកសិករភ្ញាស់កូនបានលក់កូនទៅឱ្យកសិករចិញ្ចឹមមាន់លក់សាច់បន្តដែលក្លាយទៅជាចង្វាក់ផលិតកម្មមួយយ៉ាងល្អមិនបារម្ភខ្វះទីផ្សាយឡើយ។
សំឡេង:« យើងកំពុងជំរុញមែនទែនទាក់ទងនឹងកម្មវិធីអាស់ស្ប៉ាយវាជួយច្រើនទៅលើកសិករដែលយើងបានចែកមុខងារកសិករជាពីរធំៗបានន័យថាកសិករគាត់ចិញ្ចឹមមាន់យកពងនិងទូភ្ញាស់ខ្លួនឯងហើយលក់កូនបានឱ្យកសិករចិញ្ចឹមជាសាច់។បានន័យថាកសិករឥឡូវមិនភ្ញាស់កូនដោយក្រាបដូចសម័យបុរាណទេគឺមានទូឧបករណ៍ភ្ញាស់បានចំនួន ២០០ គ្រាប់ និងទូខ្លះបានរហូតដល់ទៅ  ១០០០ គ្រាប់ធ្វើឱ្យមាន់ហ្នឹងដើររហូតបានន័យថាមិនខាតពេលក្នុងការក្រាបហើយអ្នកចិញ្ចឹមមាន់សាច់ឥឡូវគាត់អត់ចង់ចិញ្ចឹមមាន់ក្រាបដូចសម័យមុនទេ គឺគាត់ទិញកូនមាន់ពីអ្នកភ្ញាស់ក្នុងទូ គេមែនថាលក់ចេញលក់ទាំងអស់ទិញចូលទិញទាំង អស់ ហើយបានសំអាតទ្រុងអនាម័យហើយបានទិញថ្មីមកទៀតគឺទិញតាមរយៈអ្នកដែលផលិតកូននៅក្នុងទូភ្ញាស់»។
    សូមបញ្ជាក់ថា មាន់សាច់ចិញ្ចឹមតាមស្តង់ដារត្រឹមត្រូវក្នុង១គីឡូក្រាម លក់បានតម្លៃ១៦០០រៀល ។ដោយឡែកកូនមាន់ ១ក្បាល   លក់ក្នុងតម្លៃ៣៥០០រៀលហើយមានឈ្មួញមកទទួលទិញដល់ កន្លែង ដើម្បីយកទៅលក់បន្តទៅក្រៅស្រុក៕

Comments

Related posts