ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបំផុសប្រជាពលរដ្ឋគ្រប់រូបឱ្យបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 

ភ្នំពេញ ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបំផុសប្រជាពលរដ្ឋគ្រប់រូបឱ្យបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមបង្ការ ទប់ស្កាត់ ព្យាបាលដល់ជនដែលងាយនិងកំពុងរងគ្រោះដោយ សារគ្រឿងញៀន ទាំងក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។
លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរងឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ " គ្មានគ្រឿង ញៀននិងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍ " ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀនដែលចាប់យកបានក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក ។ 

47019448_2130454617268781_5788216554533421056_n
លោកឧត្តមសេនីយ៍ទោ បានបន្តថា ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្តពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀតក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
សំឡេង១ ៖ « ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១នេះ ខ្ញុំសូមឱ្យបងប្អូនពិសេសយុវជនរបស់យើងចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀនទាំងអស់គ្នា សហគមន៍មួយដែលគ្មានបញ្ហាគ្រឿងញៀន សហគមន៍នោះគឺមានការអភិវឌ្ឍន៍ ពិតហើយគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ អ្នកដែលប្រើប្រាស់គ្រឿងញៀនគឺប្រៀបបានដូចជាកំពុងតែធ្វើដំណើរទៅកាន់ទីអវិចី ខណៈដែលនៅក្នុងសម័យបច្ចេកវិទ្យាទំនើប ហើយប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន នេះ សូមបងប្អូនយុវជនទាំងអស់ខិតខំសិក្សាស្វែងយល់ និងទាញយកឱកាសមាសពីការរីកចម្រើនរបស់ប្រទេសជាតិ ខិតខំសិក្សារៀនសូត្រពីការរីកចម្រើនរបស់សង្គម ជាជាងទៅសាកល្បងជាមួយនឹងគ្រឿងញៀន ដែលនាំទុក្ខនាំទោសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល »។
លោកស្រីនី មីនា ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងផ្សព្វផ្សាយពីផលវិបាកនៃគ្រឿងញៀននៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសយុវជនបានចៀសឆ្ងាយពី គ្រឿងញៀន។
សំឡេង ២ ៖ « ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបខ្ញុំឃើញថា ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយទៅលើបញ្ហាគ្រឿងញៀន គឺបានទូលំទូលាយ មិនថាតាមរយៈទូរទស្សន៍ តាមរយៈវិទ្យុ ឬក៏តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយឃើញថាចំណាត់ការរបស់សមត្ថកិច្ចគឺទាន់ពេលវេលា នៅពេលដែលមានការរាយការណ៍ថា នៅកន្លែងណាមានការប្រើប្រាស់ឬជួញដូរគ្រឿងញៀន គឺគាត់ចុះអន្តរាគមន៍ផ្ទាល់ៗមិនថាពេលយប់ឬពេលថ្ងៃឬក៏ពេលណានោះទេ ក្នុងនោះដែរខ្ញុំក៏សូមផ្តាំផ្ញើទៅយុវជនជំនាន់ក្រោយ សូមកុំចង់សាក ចង់ដឹងជាមួយនឹងគ្រឿងញៀន បើទោះបីជាមានគេញុះញង់ឬក៏គេលួងលោមឱ្យប្រើប្រាស់ឱ្យសាក ក៏កុំដែរ ពីព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ អញ្ចឹងសម្រាប់យុវជនសូមឆ្លើយថាទេចំពោះគ្រឿងញៀន » ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានបង្ក្រាប មានចំនួន១០៤៦១ករណី មានការកើនឡើង៦,៧៩ភាគរយបើធៀបនឹងឆ្នាំ២០១៩ ហើយជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនត្រូវបានឃាត់ខ្លួន មានចំនួន២១ ៥៦៦នាក់ កើនឡើង៥,២៥ភាគរយបើធៀបនឹងឆ្នាំ២០១៩ ៕

Comments

Related posts