អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លំាងក្នុងកិច្ចគាំពារថែរក្សាព្រៃឈើក្នុងតំបន់រមណីដ្ឋានអង្គរ

 

វិទ្យុជាតិកម្ពុជា ៖ លោកអេង យូ  

          សៀមរាប ៖ ក្រៅពីកិច្ចការងារអភិរក្សប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរា ក៏មានតួនាទីមួយទៀតគឺ ការពារថែរក្សា និងអភិរក្ស ព្រៃឈើ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ជាពិសេស មានតួនាទីសំខាន់ណាស់សម្រាប់ការពារអភិរក្សប្រាសាទ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រៃឈើមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ភពផែនដី ទាំងមូល ជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ព្រៃឈើក៏មានតួនាទី ការពារប្រាង្គប្រាសាទពីហានិភ័យនានានៃកម្តៅថ្ងៃ និងទឹកភ្លៀង ដូច្នេះទើបអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ក្នុងការងារដាំដុះ ស្តារឡើងវិញ និងការអភិរក្សព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ។

លោកបន្តថា ទន្ទឹមនឹងផលប្រយោជន៍ដ៏សំខាន់មិនអាចកាត់ថ្លៃបាន ព្រៃឈើក៏អាចផ្តល់គ្រោះថ្នាក់ ជាច្រើនមកកាន់មនុស្សនិងប្រាសាទ បើសិនជាមិនមានការពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែង ដូចជាដើមឈើដែលដុះនៅតាមផ្លូវ ឬជិតប្រាសាទ ឬលើប្រាសាទ មានអាយុកាលយូរអង្វែង មានសភាពពុកផុយ អាចបង្កហានិភ័យដល់ប្រាសាទ ឬមនុស្សជាយថាហេតុ ហើយកន្លងមក ក៏ដូចជាបច្ចុប្បន្ន ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការកាត់ក្រីមែនឬអាចកាត់ដើមឈើទាំងនោះចេញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

លោកបន្តទៀតថា រយៈពេលថ្មីៗនេះ មានការចុះផ្សាយតាមប្រព័ន្ធសង្គម ដោយចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរា ឃុបឃិតជាមួយឈ្មួញ បានកាប់ដើមឈើនៅមុខអង្គរលក់ឲ្យឈ្មួញនោះ ដែលនេះវាផ្ទុយស្រឡះពីការពិត ដោយដើមឈើមួយដើមនេះមានជំងឺ ហើយត្រូវបានក្រុម ជំនាញបានធ្វើការព្យាបាល និងបំប៉នដើមឈើឲ្យមានសុខភាពល្អឡើងវិញ តែការព្យាយាមព្យាបាល របស់ក្រុមជំនាញអស់លទ្ធភាព ដើមឈើមួយដើមក៏បានងាប់ ហើយអាជ្ញាធរជាតិអប្សរា បានធ្វើការស្នើសុំទៅ ICC ដើមី្បធ្វើការកាប់យកចេញ កុំឲ្យឆ្លងជម្ងឺទៅដើមឈើ ឯទៀត និងកុំឲ្យមានហានីភ័យណាមួយកើតឡើងទៅថ្ងៃក្រោយ។IMG_20210917_133943_833

សំឡេង៖ អាជ្ញាធរជាតិអប្សរាយើង យើងដឹងច្បាស់នៅគុណតម្លៃ ក៏ដូចជាគុណវិបត្តិ ហើយក្រៅពីគុណសម្បត្តិនៃដើមឈើ ក៏វាផ្តល់ នូវហានិភ័យដល់យើង ដែលជាអ្នកអភិរក្សតំបន់រមណីយដ្ឋានអង្គរ យើងដឹងហើយរមណីយដ្ឋានអង្គរយើងសម្បូរដើមឈើ ហើយដើមឈើ មួយចំនួនបានដុះកៀកខ្លាំងទៅនឹងប្រាសាទ ហើយនិងដុះកៀកខ្លាំងទៅនិឹងកន្លែងមនុស្សធ្វើចរាចរណ៍ អ៊ីចឹងជារៀងរាល់ឆ្នាំយើងបានសិក្សា នូវផែនទីហានិភ័យនៃដើមឈើ បានន័យថាដើមឈើនៅកន្លែងណាខ្លះវាផ្តល់គ្រោះថ្នាក់ទៅដល់ប្រាសាទក៏ដូចជាដល់មនុស្ស នៅឆ្នាំ២០២០ យើងពិនិត្យឃើញថាដើមឈើដែលផ្តល់ហានិភ័យដល់មនុស្ស និងប្រាសាទមានប្រហែលជាជិត ៣ ពាន់ដើម ប៉ុន្តែដូចដែល អស់លោកស្រីបានដឹងហើយ ការងាររបស់អាជ្ញាធរជាតិអប្សរាមានវិសាលភាពធំធេង ប្រាសាទរាប់រយដែលយើងត្រូវធ្វើការងារអភិរក្ស ដើមឈើរាប់សែនដើម ដែលយើងត្រូវថែរក្សាផងដែរ អ៊ីចឹងហើយក្រុមការងារជំនាញដែលហៅក្រុមការងារហានិភ័យដើមឈើនេះ យើងតែងតែចុះតាមដានពិនិត្យមើលដើមឈើ បើសិនយើងមើលឃើញថាដើមឈើណា ដែលមានហានិភ័យខ្ពស់ យើងតែងតែធ្វើការស្នើសុំ ថ្នាក់ដឹកនាំ ដើម្បីធ្វើកាត់ដកហូតដើមឈើនោះ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាន។    IMG_20210917_133946_907

សូមជម្រាបផងដែរថា ក្រៅពីកិច្ចគាំពារថែរក្សាប្រាង្គប្រាសាទនិងដើមឈើ ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា ក៏បានធ្វើសកម្មភាពបណ្តុះ កូនឈើរាប់ម៉ឺនដើម ដើម្បីដាំស្តារឡើងវិញនៅតំបន់ដែលសឹករេចរឹលនៃព្រៃឈើ ក្នុងតំបន់ឧទ្យានអង្គរ ព្រមទំាងបានចែកចាយបន្តទៅកាន់ ស្ថាប័នពាក់ព័ន្ធ សប្បុរសជន និងមហាជនទូទៅ ដែលមានបំណងចង់បានកូនឈើយកទៅដាំដុះ នៅតាមលំនៅឋាន ឬទីតាំងសាធារណៈ នានា ក្នុងន័យបម្រើផលប្រយោជន៍ កិច្ចការពារបរិស្ថានរបស់ភពផែនដី៕IMG_20210917_133949_745IMG_20210917_133953_477IMG_20210917_133955_238

Comments

Related posts