កម្មវិធីជាតិអាហារូបត្ថម្ភ បង្ហាញពីផែនការលើកកម្ពស់ការចិញ្ចឹមទារកនិងកុមារតូចឱ្យកាន់តែល្អប្រសើរ

 

            វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.០១.២០២២

                       ភ្នំពេញ ៖ កម្មវិធីជាតិអាហារូបត្ថម្ភ បានដាក់ចេញផែនការមួយចំនួនសម្រាប់ឆ្នាំ២០២២-២០២៣ លើការលើកកម្ពស់ការអនុវត្តន៍ ការចិញ្ចឹមទារកនិងកុមារតូចឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដើម្បីជួយឱ្យកុមារតូចនិងទារក ទទួលបាន សារធាតុចិញ្ចឹមពេញលេញ ។

         លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ បានមានប្រសាសន៍ថា បញ្ហាកុមារក្រិសក្រិន កុមារស្គមស្គាំង កុមារលើសទម្ងន់ ទារកទើបនឹងកើតមិនគ្រប់ទម្ងន់ជាដើម គឺនៅតែជាក្តីកង្វល់ដ៏ធំ សម្រាប់មាតាបិតា ជាពិសេសសង្គមជាតិទាំងមូល ដូច្នេះហើយទើបកម្មវិធីជាតិ អាហារូបត្ថម្ភ មានគោលដៅរួមក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភសុខភាព និងសុខុមាលភាពរបស់ស្ត្រីនិងកុមារកម្ពុជា តាមរយៈការអប់រំ ក៏ដូចជាបណ្តុះនូវទម្លាប់ល្អៗដល់មាតាបិតាឬអាណាព្យាបាល ក្នុងការចិញ្ចឹមទារកនិងកុមារតូចឱ្យបានល្អបំផុត ។

លោកស្រីបានបន្តថា គោលដៅនេះ បានធ្វើឱ្យកម្មវិធីជាតិអាហារូបត្ថម្ភ ដាក់ចេញផែនការសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២២-២០២៣ ដោយផ្តោតលើការបណ្តុះបណ្តាល ត្រួតពិនិត្យលើអនុក្រឹត្យលេខ១៣៣ និងផលិតវីដេអូឯកសារស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ទឹកដោះគោ ម្សៅ ជាពិសេសប្រារព្ធទិវាសំខាន់ៗដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារតូចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។

លោកស្រីថ្លែងថា « អ៊ីចឹងផែនការឆ្នាំ២០១២-២០២៣ យើងរៀបចំប្រារព្វសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ រៀបចំប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផលិតសម្ភារៈប្រាស្រ័យទាក់ទងអន្តរបុគ្គល និងសម្ភារៈសម្រាប់ការផ្សព្វផ្សាយជាទូទៅ រៀបចំដាក់ឱ្យដំណើរការអនុវត្តយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារកនិងកុមារតូច អនុវត្តយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងផងដែរ ដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចឆ្នាំ ២០២០- ២០២៥ ហើយយើងនឹងអនុវត្តនិងពង្រីកការអនុវត្តន៍គោលការណ៍ណែនាំ ស្តីពីការអនុវត្តន៍មន្ទីរពេទ្យស្រឡាញ់ទារកនៅក្នុងប្រទេសកម្ពុជា »។

លោកស្រី បានបន្ថែមទៀតថា កម្មវិធីជាតិអាហារូបត្ថម្ភ នឹងសាកល្បងអនុវត្តនូវគោលការណ៍ណែនាំអន្តរកាល ស្តីពីការតាមដាននិងលើកកម្ពស់ ការលូតលាស់ ជាពិសេសការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិផ្សេងៗសម្រាប់កុមារ ៕IMG_20220103_113609_977

Comments

Related posts