ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺមានអត្រាច្រើនជាងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

 

               វិទ្យុជាតិកម្ពុជា ៖ ស្រីផល ១០,០១,២០២២

                             MC ៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានអត្រាច្រើនជាងអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ដោយសារតែពួកគាត់មិនគោរព និងអនុវត្តនូវច្បាប់ចរាចរណ៍បានត្រឹមត្រូវ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជាង៨៤គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបងដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើនជាងអ្នកដែលកើតជំងឺវីដ-១៩ទៅទៀត ដោយសារតែពួកគាត់មិនសូវ គោរពនូវច្បាប់ចរាចរ ដែលជាហានិភ័យក្នុងការបង្កឲ្យមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។

សម្តេចតេជោបានបន្តថា ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ពេលវេលា ចំពោះការធ្វើដំណើរលើដងផ្លូវ ដើម្បីការពារសុវត្ថិភាព និងចៀសផុតពីគ្រោះថ្នាក់ ជាពិសេសការរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរ និងមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា គឺដើម្បីការពារសេចក្ដីសុខខ្លួនយើងទំាងអស់គ្នា និងដើម្បីចៀសផុតពីគ្រោះថ្នាក់ដែលកើតឡើងដោយមិនដឹងជាមុន។

សម្ដេចមានប្រសាសន៍ថា ៖ ចំណុចនេះខ្ញុំនិយាយទៅ ក៏ប៉ុន្តែវាជារឿងជាក់ស្ដែងផ្លូវជាតិលេខ៥មើលមកវិញបងប្អូនដែលនៅក្នុងចន្លោះ ដែលធ្វើដំណើរក្នុងចន្លោះពីព្រែកក្តាម មកធ្លាម្អម បងប្អូនដែលធ្វើដំណើរ ពីធ្លាម្អម ពីពោធិ៍សាត់មកកាន់ខេត្តបាត់ដំបង អាចថានៅលំបាកបន្តិច ប៉ុន្តែបន្ទាប់ពីហ្នឹងទៅតាមផ្លូវនេះ គឺជាផ្លូវរឹងមាំហើយជាផ្លូវដែលធានាសុវត្ថិភាពផង ប៉ុន្តែទោះបីជាធានាសុវត្ថិភាពយ៉ាងម៉េចក៏ដោយ គឺច្បាប់ ចរាចរណ៍ត្រូវតែគោរព ប៉ុន្មានថ្ងៃមុនខ្ញុំបាននិយាយហើយស្លាប់ដោយសារកូវីដ គឺមានចំនួនតិចជាងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយ ពិតមែនតែកូវីដប៉ុន្មានថ្ងៃនេះវាឆ្លងដោយសារបញ្ហាអូមីក្រុង ក៏ប៉ុន្តែចំនួនអ្នកស្លាប់គឺសូន្យ គឺសូន្យករណីប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយអូមីក្រុងឥឡូវនេះ បានធ្លាយចូលក្នុងសហករណ៍ម្សិលម៉្ងៃគឺ១ករណី ហើយម្សិលមិញគឺចូល៣ករណីហើយ៕IMG_20220111_104154_138

Comments

Related posts