ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន៣ ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលអាស៊ាន

 

             វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩,០១,២០២២

                                    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន ៣ ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលអាស៊ាន សំដៅគាំទ្រដល់មូលបទរួមរបស់អាស៊ានឆ្នាំ ២០២២ ស្តីពី “អាស៊ានរួមគ្នាធ្វើ- ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា (ASEAN ACTAddressing Challenges Together) ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីអំពីជំនួបសម្តែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប (EU-ABC)ដើម្បីពិភាក្សាលើការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២២ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន៖ ១. ការស្តារឡើងវិញ (Recovery), ២. ការកសាងភាពធន់ (Resiliency) និង ៣. ការរួបរួមគ្នា (Togetherness) ។

ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមថា ការចូលរួមរបស់ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជា មូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការស្តារឡើងវិញនូវសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ ។

ជាការឆ្លើយតប លោក Chris Humphrey បានគូសបញ្ជាក់អំពីការប្តេជ្ញារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងការគាំទ្រ និងជ្រោមជ្រែងដល់ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែមីនា ឆ្នាំ ២០២២ ព្រមទាំងការគាំទ្រសម្រាប់ការរៀបចំវេទិកា គោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងអំឡុងពេលកម្ពុជាជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលអាស៊ាននេះផងដែរ ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលអាចពិភាក្សាសម្រាប់កិច្ចប្រជុំអាស៊ាន ដូចជា ការបន្តរៀបចំ ASEAN Taxonomy ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោត ការគិតគួរខ្ពស់ទៅលើការកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ និងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ជាដើម។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) សម្រាប់ការ ផ្តល់កិច្ចសហការ និងការគាំទ្រដល់ការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន សំដៅធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ, ការធ្វើ សមាហរណកម្មហិរញ្ញវត្ថុស៊ីជម្រៅ, កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ និងជាពិសេសការផ្តល់ហិរញ្ញប្បទានប្រកបដោយដោយចីរភាពក្នុងតំបន់ ៕IMG_20220119_211154_226IMG_20220119_211151_910

Comments

Related posts